ពេញមួយឆ្នាំនេះ អ្វីៗនៅក្រៅប្រទេសត្រូវបានលុបចោល ក្នុងនោះមានទាំងការប្រជុំ មហាសន្និបាត និងការប្រកួតនានា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា(ប៉េងប៉ុង)លោកស៊ុនសុទ្ធារិទ្ធបាននិយាយអោយដឹងថា ពេញមួយឆ្នាំនេះ អ្វីៗនៅក្រៅប្រទេសត្រូវបានលុបចោល ក្នុងនោះមានទាំងការប្រជុំ មហាសន្និបាត និងការប្រកួតនានាទៀតផង។លោកបង្ហាញពីការសោកស្ដាយ ចំពោះការប្រកួតជើងឯកយុវជនអាស៊ាននាខែសីហាខាងមុខនេះ តែការប្រកួតនេះត្រូវបានពន្យារពេលទៅហើយ ។
កីឡាវាយកូនឃ្លីលើតុបច្ចុប្បន្ននេះ សម្រាប់ប្រភេទកីឡាករ-កីឡាការិនីថ្នាល ត្រូវបានហ្វឹកហាត់ឡើងវិញ បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតជាថ្មីនោះ ។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការបានបញ្ជាក់ថា សម្រាប់កីឡាថ្នាលដែលសុទ្ធតែស្ថិតក្នុងវ័យជាយុវជននោះ គេត្រូវការការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន ។ ការប្រកួតក្នុងស្រុកជារឿងសំខាន់ហើយ តែបើមិនមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនទេនោះ នៅពេលមានការប្រកួតជាលក្ខណៈអន្តរជាតិលើកដំបូង ពួកគេនឹងភ័យ គេនឹងបារម្ភតែបើមានការប្រកួតជាញឹកញាប់នោះអ្វីៗក្លាយជារឿងធម្មតា ។
លោកស៊ុន សុទ្ធារិទ្ធ បានអះអាងពីការពង្រឹងនូវសមត្ថភាពកីឡាករ កីឡាការិនីថ្នាលឲ្យបានរឹងមាំទោះបីមានការប្រកួត ឬ គ្មានការប្រកួតក៏ដោយ។កីឡាការហ្វឹកហាត់និងការប្រកួតត្រូវតែដើរទន្ទឹមគ្នាហ្វឹកហាត់ ដោយគ្មានការប្រកួតប្រៀបដូចជាកាំបិតដែលសម្លៀងមុតហើយមិនប្រើដោយទុកឲ្យវាច្រេះចោលទទេៗ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានទទួលស្គាល់ថា ចំណុចប្រឈមពិតជាមានហើយសម្រាប់ការហ្វឹកហាត់នៅតាមផ្ទះនោះ។ តាមពិតប្រភេទកីឡាវាយកូនឃ្លីលើតុ ងាយរកទីកន្លែងហាត់ និងប្រកួតបាន តែការហ្វឹកហាត់ដោយគ្រូឈរនៅពីចម្ងាយបែបនេះ វាមិនប្រសើរដូចហ្វឹកហាត់ដោយផ្ទាល់ពីគ្រូឡើយ ។
ទាំងកត្តាពេលវេលា ទាំងកត្តាចិត្តសាស្ត្រ វាមិនបានជំរុញឲ្យពួកគេហ្វឹកហាត់បានគ្រប់គ្រាន់តាមស្ដង់ដារដូចហ្វឹកហាត់នៅកន្លែងប្រមូលផ្ដុំនោះទេ ។ តែអ្វីៗ វាបានកន្លងហួសហើយពេលនេះអ្វីៗបានចាប់ផ្ដើមជាថ្មី ទោះបីរាល់ការហ្វឹកហាត់ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ពិតមែន តែពួកគេបានហ្វឹកហាត់ផ្ទាល់ជាមួយគ្រូ ៕