អាជ្ញាធរកំពុងដំណើរការកាប់លះមែកឈើជាច្រើនដើមដែលមានសភាពចាស់ឬដុះស៊ុបឌ្រុបនៅតាមដងវិថីជាច្រើនក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​

អាជ្ញាធររាជធានីដំណើរការកាប់លះមែកឈើជាច្រើន
ដើមដែលមានសភាពចាស់ឬដុះស៊ុបឌ្រុបនៅតាមដងវិថីជាច្រើនក្នុងរាជធានីភ្នំពេញដើម្បី បញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិបានឲ្យដឹងថា ពេលនេះអង្គភាពរបស់លោកកំពុងធ្វើសកម្មភាពកាប់លះមែកឈើដែលដុសស៊ុបឌ្រុប នៅតាមបណ្តោយផ្លូវលេខ៦៣(ត្រសក់ផ្អែម)ចាប់ពីសាលាភូមិន្ទរដ្ឋបាល ដល់ផ្សារធំថ្មីហើយបានដំណើរកាប់លះមែកឈើបែបនេះតាំងពីថ្ងៃទី១ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហាខាងមុខ។
លោកបានបញ្ជាក់ថា ការងារនេះក្រុមការងារតែងតែធ្វើនៅរដូវវស្សាព្រោះដើមឈើលូតលាស់ល្អ បើយើងកាប់ លះនៅរដូវប្រាំងដើមឈើអាចងាប់។
លោកបន្តថា មានដើមឈើជាច្រើនដើមត្រូវបានកាប់លះ មែកតាមដងវិថីសំខាន់ៗមានដូចជា៖នៅផ្លូវលេខ១៧៤,១៥៨,ផ្លូវ៨១,១២៦,ផ្លូវលេខ៧០និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្តាជាដើម។ចំណែកការងារកាប់លះមែក ឈើបន្តនឹងត្រូវធ្វើឡើងនៅផ្លូវត្រសក់ផ្អែម,វិថីព្រះសីហនុ,មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោតម,វិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង។លោកប្រធានអង្គ ភាពសួនច្បារបានបន្តថា៖ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញមានជាង៥ ម៉ឺនដើម លើផ្លូវ២៦ខ្សែក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងមានជាង៤០ភាគរយហើយក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមនេះមាន២៥០ដើមមានសភាពពុកផុយ ប្រហោងគល់អាចប្រឈមនឹងការបាក់រលំ។

​ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យកាប់ដើមឈើ ដែលចាស់ពុកផុយទាំង២៥០ដើមនោះចោលជៀសវាងបង្កគ្រោះថ្នាក់ជាយថា ហេតុ រួចដាំថ្មីជំនួសឡើងវិញ ដើម្បីបង្កើនសោភ័ណភាពបៃតងក្នុងទីក្រុង៕