ដំណាំម្នាស់ក្នុងខេត្តត្បូងឃ្មុំឆ្នាំនេះទទួលបានទិន្នផលល្អនិងតម្លៃថ្លៃ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១១.០៦.២០២០ ៖

ដំណាំម្នាស់ក្នុងខេត្តត្បូងឃ្មុំឆ្នាំនេះ ទទួលបានទិន្នផលល្អនិងតម្លៃថ្លៃមានលក្ខណៈងាយស្រួលដាំ លូតលាស់លឿននិងឆាប់ឱ្យផល ដែលជួយសម្រួលដល់ជីវភាពប្រជាកសិករ និងបំពេញតម្រូវការទីផ្សារ ។

លោក ធឿន ប៊ុនធីម កសិករដាំម្នាស់ស្ថិតក្នុងឃុំទន្លេបិទ សុ្រកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាន ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នលោកដាំម្នាស់ចំនួន២ហិកតា ដោយក្នុង១ហិកតាត្រូវចំណាយកូនដាំចំនួនជិត៦ម៉ឺនកូន ក្នុងទឹកប្រាក់ប្រមាណ១៥លានរៀល ហើយទទួលផលជាង៥០តោនក្នុងមួយហិកតា ដែលគិតជាទឹកប្រាក់ប្រមាណ៥០លានរៀល ។

លោកបានបន្តថា ដំណាំម្នាស់គឺជាប្រភេទដំណាំម្យ៉ាង ដែលត្រូវការដីមានជីជាតិ មិនជាំទឹក ជាពិសេសត្រូវការទឹកជាចាំបាច់ សំរាប់ស្រោចស្រពឱ្យបានគ្រប់គ្រាន់ទៅតាមរដូវកាលនីមួយៗ ជាពិសេសគឺរដូវប្រាំង ត្រូវ ស្រោចស្រពទឹកឲ្យបានគ្រប់គ្រាន់ ទើប អាចទទួលបានជោគជ័យ ។ លោកបានបន្ថែមថា កន្លងមកមន្ទីរកសិកម្មខេត្តបានចុះពិនិត្យ និងលើកទឹកចិត្តដល់គាត់ឲ្យរៀបចំប្រព័ន្ធស្រោចស្រពឲ្យបានត្រឹមត្រូវ ការប្រើប្រាស់ជី និងការថែទាំពីសត្វចង្រៃបំផ្លាញ ដែលជាកត្តាជួយឲ្យដំណាំម្នាស់ទទួលបានទន្និផលល្អ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។

ដំណាំនេះបានជួយបង្កើនប្រាក់ចំណូល ដោយសារថាបើនិយាយពីឆ្នាំនេះ ទទួលបានទិន្នផលល្អនិងតម្លៃទីផ្សារថ្លៃគួរសមជាងបណ្ដាឆ្នាំមុន ហើយបើនិយាយពីតម្លៃគឺវាមិនសូវទៀងទេ តម្លៃជួនកាលអាចថោកជួលកាលអាចថ្លៃ បើសិនជាវាចុះថោកគឺមិនសូវបានចំណេញច្រើនដែរហ្នឹង។ ហើយក៏សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ដែលគាត់មានបទពិសោធន៍ បច្ចេកទេសទាំងពូជ ទាំងការបាញ់ថ្នាំជំនួយ ការដាក់ជី សូមគាត់ជួយឲ្យមានបើកវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការឲ្យខ្ញុំអាចទៅរៀនបន្ថែម ដើម្បីឲ្យមានបទពិសោធន៍ក្នុងការដាំដុះបន្ថែមទៀត ឲ្យបានកាន់តែច្រើន ។

  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរតែងតែចាំជួយគាំទ្រចំពោះប្រជាកសិករទាំងអស់ ដែលត្រូវការបច្ចេកទេស វិធីសាស្ត្រថែទាំ ការធ្វើជីធម្មជាតិ ក៏ដូចជាការបង្ហាត់បង្ហាញផ្សេងៗទាក់ទងនឹងដំណាំម្នាស់នេះ។ ជាពិសេសបានឲ្យក្រុមការងារចុះដល់ទីតាំងផ្ទាល់ដើម្បីលើកទឹកចិត្តដល់ម្ចាស់ចំការ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការថែទាំ ដើម្បីឲ្យដំណាំទទួលបានទន្និផលខ្ពស់ និងបានជំរុញដល់កសិករក្នុងតំបន់ខ្លះដែលមានដីទំនេរ អាចសាកល្បងងាកមកដាំដំណាំម្នាស់នេះ ។

រាល់ថ្ងៃនេះក្នុងខេត្តត្បូងឃ្មុំគឺមានតែនៅក្នុងឃុំទន្លេបិទនេះទេដែលដាំម្នាស់ ដោយកន្លងមកយើងបានចុះទៅតម្រង់ទិសដល់ពួកគាត់ និយាយអំពីការប្រើប្រាស់ជី ការប្រើប្រាស់ប្រព័ន្ធទឹក ហើយនិងការប្រើប្រាស់ថ្នាំពុលទប់ស្កាត់កត្តាសត្វចង្រៃ គឺយើងបានចុះចែករំលែកប៉ុណ្ណឹងគឺតម្រង់ទិសគាត់ជួយប្រាប់គាត់ ហើយទាក់ទងនឹងម្នាស់នេះ គឺមិនទាន់បានផ្សព្វផ្សាយខ្លាំងឲ្យមានការដាំដុះទូលំទូលាយក្នុងខេត្តនៅឡើយទេ ព្រោះដោយសារតំបន់ដែលដាំម្នាស់នេះ គឺទើបតែមានប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដោយសារកន្លងមកយើងមិនដែលបានដាំដែរ ដូច្នេះយើងចាំមើលបន្តិចទៀត ព្រោះសម្រាប់ការជំរុញនេះ គឺយើងត្រូវពិនិត្យមើលទៅលើការផ្ដល់បច្ចេកទេស ជាពិសេសគឺទីផ្សារតែម្ដង ។

លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាកសិករទូទាំងខេត្តទាំងអស់ បើសិនជាមានបញ្ហាណាមួយកើតឡើងទៅលើដំណាំរបស់ខ្លួន គឺអាចទំនាក់ទំនងមកខាងមន្ទីរខេត្ត ដើម្បីឲ្យមន្ត្រីជំនាញចុះជួយពិនិត្យនិងផ្ដល់ការអន្តរាគមន៍តាមស្ថានភាពជាក់ស្ដែង ជាពិសេសក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៦៦ ៧១១ ៩៧៩ ឬតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ» ក្នុងម៉ោងធ្វើការ ។សូមបញ្ជាក់ថា ទូទាំងខេត្តត្បូងឃ្មុំ មានកសិករដាំដុះដំណាំម្នាស់លើផ្ទៃដីសរុបប្រមាណជិត៥០ហិកតា ៕