ខេត្តមណ្ឌលគិរីគ្រោងចុះបញ្ជីតំបន់អភិរក្សធនធានធម្មជាតិជាច្រើនកន្លែងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ហាន់ ស្រីណា ១១. ០៦. ២០

ខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរីគ្រោងចុះបញ្ជីតំបន់អភិរក្សធនធានធម្មជាតិជាច្រើនកន្លែងបន្ថែមទៀត
ដើម្បីថែរក្សាការពារធនធានធម្មជាតិ និងជីវចម្រុះអោយបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរបរិស្ថានរួមជាមួយអង្គការជាដៃគូរមានផែនការក្នុងការចុះបញ្ជីដីធ្លីដែលជាសម្បត្តិជាតិឲ្យក្លាយជាតំបន់សម្រាប់ការពារអភិរក្សទាំងអស់នាពេលខាងមុខដើម្បីការពារធនធានធម្មជាតិនិងជីវះចម្រុះដែលជាសម្បត្តិធម្មជាតិដ៏មានតំលៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស សត្វ អោយមាននិរន្តរភាពនិងនៅតែមានភាពស្រស់បំព្រងទៅថ្ងៃអនាគត។
លោកបន្តថា ការកំណត់តំបន់ចុះបញ្ជីនេះសំដៅកាត់បន្ថយនិងលុបបំបាត់ករណីបទល្មើសកាប់រុករានដីធ្លីធ្វើជាកម្មសិទ្ធឯកជនក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ធម្មជាតិ។
លោក បន្ថែមថា កិច្ចគាំពារ ការអភិរក្សការពារធនធានព្រៃឈើ សត្វព្រៃ និងជីវចម្រុះ គឺជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ ជីវិតប្រចាំថ្ងៃពិសេសគឺបានរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាវិស័យទេសចរណ៍ថែមទៀតផង។
សម្លេង :ក្នុងនាមមន្ទីរបរិស្ថានក៏ដូចជាអង្គការដៃគូមានផែនការយើងបានមានផែនការជាច្រើនក្នុងឆ្នាំ ២០២០នេះក្នុងនោះសំខាន់យើងធ្វើយ៉ាងម៉េចអោយគ្រប់តំបន់ដែនជម្រកសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរីយើងមានការកំណត់តំបន់ត្រឹមត្រូវការចុះបញ្ជីការចុះបញ្ជីដីរដ្ឋអោយបានទាំងអស់នៅឆ្នាំបន្តបន្ទាប់ទៀតចំពោះដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរីនេះតែម្ដង។
គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលសម្បូរដោយធនធានធម្មជាតិ សត្វព្រៃ សត្វស្លាប សត្វស្វាកន្ទុយស ដំរីអាស៊ី សត្វព្រៃកម្រ និងមានទេសភាពធម្មជាតិព្រៃឈើធំៗទឹកធ្លាក់ដ៏ស្រស់ស្អាត ជាច្រើនទៀតដោយត្រូវបង្កើនកិច្ចគាំពារ ដើម្បីការពារធនធានទំាងនោះឲ្យមាននិរន្តរភាព និងទាក់ទាញភ្ញៀវទេសចរ៕