ខេត្តកោះកុងត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកកន្លែងទៀតនៅក្បែរទីរួមខេត្តកោះកុង

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងែទី ១១ ខែមិថុនា ឆ្នាំ ២០២០

អភិបាលខេត្តកោះកុង ខេត្តកោះកុង ត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកកន្លែងទៀតនៅក្បែរទីរួមខេត្តកោះកុងដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកាន់ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តក្នុងខេត្តកោះកុងនេះកំពុងសិក្សាទីតំាង និងផលប៉ៈពាល់ផ្សេងៗនៅក្នុងឃុំតាតៃស្រុកកោះកុង។ លោកជំទាវបញ្ជាក់ថា ផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិនេះ មានតួនាទីសំខាន់ណាស់ដែលជួយលើកកម្ពស់វិស័យដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរ ខណៈដែរខេត្តនេះកំពុងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើន។

«ពីមុននោះគឺការរៀបចំទីតាំងដំបូងនោះគឺគៀកនៅជិតទីរួមខេត្តពេក ការសិក្សាផលប៉ះ ពាល់ទៅ មានផលប៉ះពាល់ទើបមានការផ្លាស់ប្តូរ អញ្ចឹងហើយត្រូវការពេលវេលារៀបចំគម្រោងនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំនូវប្លង់ទើបអាចកំណត់ពេលវេលាបាន»។

លោកជំទាវបានបញ្ជាក់ថា  បច្ចុប្បន្ននេះក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគនៅតារាសាគរ កំពុង ពន្លឿនការសាងសាង់ព្រលានយន្តហោះអន្តរជាតិនៅទីនោះ សម្រេចបានជាង៦០ភាគរយហើយដោយ គ្រោងនឹងបញ្ចប់ការសាងសង់នៅពេលឆាប់ៗនេះ។ លោកជំទាវអៈអាងថា គម្រោងព្រលានយន្តហោះនៅតារាសាគរដែលមានពាក្យចចាមអារាមថាបម្រើឲ្យវិស័យយោធានោះ គឺមិនពិតឡើយ ពីព្រោះតំបន់នោះគឺជាតំបន់វិស្សមកាលទេសចរណ៍ដែលរៀបចំឡើងដើម្បីបម្រើលើវិស័យ ទេសចរណ៍ និងពាណិជ្ជកម្ម ឧស្សាហកម្ម និងដឹកជញ្ជូន។

សូមបញ្ជាក់ថា គម្រោងបង្កើតព្រលានយន្តហោះអន្តរជាតិខេត្តកោះកុងនេះបានធ្វើឡើងស្របពេលដែលខេត្តនេះកាន់តែទទួលបានកំណើនភ្ញៀវទេសចរ និងវិនិយោគិនកាន់តែច្រើន ដោយសារតែខេត្តកោះកុងមានសក្តានុពលវិនិយោគទំាងពាណិជ្ជកម្ម និងទេសចរណ៍៕