ក្រុមការងារបច្ចេកទេសចម្រុះ TVET កំពុងរកវិធានការដោះស្រាយផលប៉ះពាល់ និងការឆ្លើយតប នៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា

ក្រុមការងារបច្ចេកទេស ចម្រុះសម្រាប់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) កំពុងរកវិធានការដោះស្រាយផលប៉ះពាល់ និងការឆ្លើយតប នៃជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះបន្ដចូលរួមចំណែកជួយដល់យុវជនដែលបានបោះបង់ការសិក្សា។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ចម្រុះសម្រាប់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET)នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស មានប្រសាសន៍ថា ចំពោះមតិយោបល់ របស់សមាជិកអង្គប្រជុំទាំងអស់ គឺជាធាតុចូលដ៏មានសារៈសំខាន់ ដើម្បីបន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយដែលបានដាក់ចេញ។

ឯកឧត្តមបន្ដថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ២គឺ ១)ផលប៉ះពាល់ និងការឆ្លើយតបនៃជំងឺកូវីដ-១៩ ទៅលើប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និង២) វឌ្ឍនភាពនៃសិក្សាបឋមលើការរៀបចំ   សេចក្តីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត បានស្នើ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ  ជាពិសេសស្នើ ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ជួយគាំទ្របន្តនៅពេលដែលដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកទេស និងថវិការហូតច្បាប់នេះ អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ និងគាំទ្រការបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (TVET-APP) ទាំងផ្នែកបច្ចេកទេស និងថវិកា។       

លោកស្រី Carin Salerno នាយកទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) បានលើកឡើងថា៖ “នេះគឺជាវេទិកាដ៏សំខាន់មួយ ដើម្បីឲ្យមានការពិគ្រោះ-ផ្លាស់ប្តូរយោបល់រវាងរដ្ឋាភិបាល ជាមួយវិស័យជន និងភាគីពាក់ព័ន្ធដទៃទៀត។ នេះគឺជាអ្វីដែលត្រូវបានលើកឡើងក្នុងលក្ខខណ្ឌប្រតិបត្តិ របស់ក្រុមការងារបច្ចេកទេសចម្រុះនេះ។ 

លោកស្រីថា៖ ” ការចូលរួមពីដៃគូពាក់ព័ន្ធនាពេលនេះ បង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យTVET ។ 

ជាមួយគ្នានោះដែរ លោកស្រីបានលើកឡើងថារាជរដ្ឋាភិបាលស្វីសបានផ្តល់កញ្ចប់ថវិកាជាង៧លានដុល្លារអាមេរិក ដើម្បីស្តារចំពោះការប៉ះពាល់ដោយកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបន្តពង្រីកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីគាំទ្រការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមតាមកម្មវិធីសិក្សាពីចម្ងាញ ឬអនឡាញ បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងដៃគូនានាដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បន្តលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។បន្តជំរុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាអនុវត្តលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីសម្រេចបាននូវធនធានមនុស្ស ឬកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាព ឆ្លើយតបនឹងតម្រូវការទីផ្សាការងារ ជាពិសេសគាំទ្រដល់គោលដៅអភិវឌ្ឍឆ្នាំ២០៣០ស្របតាមបដិវដ្ដន៍ឧស្សាហកម្ម៤.០៕