ក្រសួងព័ត៌មាន គ្រោងបង្កើត វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនចំណេះដឹងក្នុងវិស័យមួយនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១១ មិថុនា ២០២០

គណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន គ្រោងបង្កើត វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនចំណេះដឹងក្នុងវិស័យមួយនេះដល់អ្នកសារព័ត៌មានអោយស្របតាមវិជ្ជាជីវៈ។

ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានលើកឡើងពីភារកិច្ចសំខាន់ៗរបស់គណៈកម្មាធិដែលបង្កើតឡើងដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ហើយគណៈកម្មាធិការនេះមានភារកិច្ច ធ្វើការបណ្តុះបណ្តាល វិជ្ជាជីវៈសារព័ត៌មាន និង វិក្រឹតការដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើគុណភាព វិជ្ជាជីវៈសារព័ត៌មានរដ្ឋ និងវិស័យឯកជន លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញគ្រប់វិស័យដែលពាក់ព័ន្ធលើផ្នែកសារព័ត៌មាន។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ នៅថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តម បានបន្ដថា គណៈកម្មាធិការនេះ នឹងសហការជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានាក្នុងការលើកផែនការបណ្តុះបណ្តាលសារព័ត៌មាន រៀបចំសិក្ខាសាលាផ្សេងៗ ដែលទាក់ទងទៅនឹងវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ ។ ផ្តួចផ្តើមគំនិតក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងលើកគម្រោង ផែនការបណ្តុះបណ្តាលជាមួយភាគីដៃគូជាតិ និងអន្តរជាតិ រួមទាំងការងារសំខាន់ៗនានាជាច្រើនទៀត។  «លទ្ធផលនៃកិច្ចប្រជុំនេះ គឺយើងផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាននិងព្រឹត្តិការណ៍ ។ អញ្ចឹងយើងដឹងហើយថាសារព័ត៌មានយើងឥឡូវគឺឈានដល់កម្រិតមួយដែលយើងគួរតែចាប់ផ្ដើមត្រួតពិនិត្យមើលសារឡើងម្ដងទៀត ពីព្រោះថាអ្នកសារព័ត៌មានភាគច្រើនឥឡូវគឺអនុវត្តការងារដោយគ្មានវិជ្ជាជីវៈគ្រប់គ្រាន់ទេ។ ដោយសារយើងជាក្រសួងព័ត៌មាន ហើយយើងដឹងហើយថាវិស័យព័ត៌មានគឺជាវិស័យមួយដែលសំខាន់ហើយធំ ដើម្បីធ្វើជាសេនាធិការការពារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។ យើងជាក្រសួងព័ត៌មានយើងត្រូវរឹតបន្តឹង ហើយពង្រឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាននេះឡើងវិញ ហើយអនុវត្តបន្ដអោយបានល្អជាងមុនថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាននេះ គឺគ្រប់ដណ្ដប់ទាំងមន្ត្រីរបស់ក្រសួងព័ត៌មាន នឹងស្ថាប័នឯកជន ព្រោះថាវិជ្ជាជីវៈសារព័ត៌មានមិនមែនមានតែចេញពីក្រសួងទេ ស្ថាប័នឯកជនដែលគាត់អនុវត្តសារព័ត៌មានក៏គាត់ត្រូវតែមានវិជ្ជាជីវៈច្បាស់លាស់ដែរ៕