ការជំរឿនសត្វត្មាតទូទាំងប្រទេសរកឃើញ១១៩ក្បាល ក្នុងចំណោមត្មាតទាំង៣ប្រភេទ

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ១១ ០៦ ២០២០

 ការជំរឿនសត្វត្មាតទូទាំងប្រទេស បានបង្ហាញថា សត្វត្មាតទាំង៣ប្រភេទដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជាមានចំនួន ១១៩ ក្បាល ក្នុងនោះត្មាតភ្លើងចំនួន១១ក្បាល ត្មោតផេះចំនួន ៧១ ក្បាល និងត្មោតត្នោតចំនួន ៣៧ ក្បាល។
ចំនួននេះ បានបង្ហាញក្រោយការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាបានធ្វើឡើងនៅលើទីតាំង ៤ កន្លែងផ្សេងៗគ្នាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០ ដែលធ្វើឡើងដោយ
ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី នងខេត្តក្រចេះ។ ដោយឡែក សម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី មិនត្រូវបានធ្វើឡើយ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានចូលរួមបើកដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា បានឲ្យដឹងថា ក្នុងពេលជំរឿននេះ ក្រុមការងារ បានរកឃើញសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ ចំនួន ៣៤ក្បាល ដោយក្នុងត្មាតភ្លើង ៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ៩ក្បាល។ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើង ៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ ក្បាល។ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តក្រចេះមិនមានវត្តមានសត្វត្មាតទេ។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួនស្វត្មាតនៅឆ្នាំ ២០២០ នេះដែល មានចំនួន ១១៩ ក្បាលនេះ មានការថយចុះចំនួន ១៨ ក្បាលបើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ២០១៩។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា «លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាលហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ»។ ឯកឧត្តម បន្តថា ការធ្វើជំរឿនរាប់ចំនួនសត្វត្មាតពេលនេះគឺដើម្បីឲ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ មូលហេតុដែលនាំឲ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុលដោយសារប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ ខណៈសត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕