មន្ទីរសាធារណការ​រាជធានីភ្នំពេញ​ ត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅតំបន់ងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១១ មិថុនា ២០២០៖


មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការមួយរដ្ឋបាលខណ្ឌទំាង១៤ ដើម្បី ចុះអន្តរាគមន៍ដោះស្រាយភ្លាមៗនៅទីតាំងទឹកលិច ដែលបញ្ជៀសផលប៉ៈពាល់ដល់ការធ្វើចរាចរណ៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កិច្ចសហការរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌទំាង១៤ ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅនឹងកន្លែង តំបន់ងាយរងគ្រោះ តំបន់កណ្ដាលក្រុង និងតំបន់ជាយក្រុងដែលប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀង។
លោកបញ្ជាក់ថា កិច្ចសហការនេះគឺជាមធ្យោបាយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាលិចលង់នៅរាជធានីភ្នំពេញបានឲ្យនារដូវវស្សានេះ ក្នុងគោលដៅកាត់បន្ថយផលប៉ៈពាល់របស់ប្រជាពលរដ្ឋ កុំ អោយពិបាកក្នុងការធ្វើដំណើរ និងខូចខាតទ្រព្យសម្បត្តិ។
«សម្រាប់ត្រៀមក្នុងការដោះស្រាយបញ្ហាទឹកលិចនារដូវវស្សានេះ សម្រាប់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ យើងនៅសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខណ្ឌចំនួន១៤ ដើម្បី ចុះអន្តរាគមន៍ដោះស្រាយភ្លាមៗនៅទីតាំងទឹកលិច។ ហើយមានរៀបចំក្នុងការស្ដារប្រឡាយ លូ ដែលយើងបានធ្វើមួយចំនួនធំហើយ យើងបន្តជាពិសេសទីតាំងដែលងាយប្រឈមមុខនឹងទឹកលិច។ ហើយជាមួយគ្នានេះដែរ យើងក៏បានរៀបចំក្រុមអន្តរាគមន៍ដោះស្រាយបញ្ហាទឹកលិចភ្លាមៗតាមទីតាំង ដើម្បីធ្វើម៉េចសម្រួលផ្លូវទឹកហូរឲ្យបានល្អប្រសើរ»។
លោកបានបន្តទៀតថា ដោយឡែកចំពោះស្ថានីយបូមទឹកទាំង១៤កន្លែង មន្ទីរបានជួសជុលថែទាំរួចរាល់ហើយសម្រាប់ការត្រៀមនៅឆ្នាំថ្មីនេះ។ ហើយលោកសង្ឃឹមថាបរិមាណបូមទឹកចេញឆ្នាំនេះ គឺមានការកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ដោយសារឥឡូវនេះស្ថានីយថ្មីបានស្ថាបនារួចរាល់ ដូចជានៅស្ថានីយទួលសំពៅដែលអាចដំណើរការនៅសប្តាហ៍ក្រោយបន្ថែមលើបរិមាណទឹកដែលបានបូមចេញ។
លោកបញ្ជាក់ថា ពីមុនការបូមចេញគឺ៥ម៉ែត្រគីបក្នុងមួយសេកុង ប៉ុន្តែឥឡូវគឺ ១២ម៉ែត្រគីបក្នុងមួយសេកុងទៀតឬរហូតដល់ ១៧ ម៉ែត្រគីបក្នុងមួយសេកុង ដែលយើងគិតថាបរិមាណថ្មីនេះដែលអាចជួយសម្រួលបញ្ហាទឹកលិចផ្លូវសហព័ន្ធរុស្ស៊ីបានមួយកម្រិត។
លោកបានបន្ថែមថា មន្ទីរបានបង្កើនសមត្ថភាពបូមនៅជុំវិញបឹងទំពុនរហូតដល់៦ម៉ែត្រគីបក្នុងមួយសេកុងទៀត ដែលធ្វើឲ្យតាមទីតាំងស្ថានីយ ទំាង១៤កន្លែងបានបង្កើនការបូមឲ្យកាន់តែល្អប្រសើរជាងមុន។
លោកបញ្ជាក់ថា អ្វីដែលពិសេសមួយទៀតមន្ទីរ ក៏បានកសាងរចនាសម្ព័ន្ធមួយចំនួនធំ ដូចជានៅបណ្ដាយស្ទឹងមានជ័យ នៅទ្វារទឹកដើមស្លែងនិងការដាក់លូប្រអប់រហូតដល់ ៧ម៉ែត្រកន្លះ នឹងស្ថានីយ៍បូមទឹកលូប្រាំ ដើម្បីសម្រួលដល់ការរំដោះទឹកភ្លៀងនិងទឹកសម្អុយបញ្ចេញទៅក្រៅក្រុងឲ្យបានលឿន កាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញនារដូវវស្សានេះ៕