សហភាពអឺរ៉ុបនឹងមិនចាប់ផ្តើមធ្វើ «សង្គ្រាមត្រជាក់» ជាមួយប្រទេសចិននោះទេ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​ — សហគមន៍អឺរ៉ុបមិនដូចសហរដ្ឋអាមេរិកទេ ដែលមុននេះបានសន្យាថា នឹងចាត់វិធានការណាមួយប្រឆាំងនឹងទីក្រុងប៉េកាំងជុំវិញសេចក្តីសម្រេចរបស់ខ្លួនក្នុងការណែនាំច្បាប់ថ្មីនៅហុងកុង។ ច្បាប់នេះនឹងហាមឃាត់រាល់សកម្មភាពដែលត្រូវបានដឹកនាំក្នុងការបែងចែកប្រទេសចិន។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានថ្លែងថា សហគមន៍ អឺរ៉ុបនឹងមិនធ្វើសង្គ្រាមត្រជាក់ជាមួយចិនទេ ដោយលោកបានកត់សម្គាល់ថា ទីក្រុងប៉េកាំងត្រូវបានគេជូនដំណឹងអំពីជំហររបស់ទីក្រុងព្រុចសែលរួចរាល់ហើយ។

លោក Borrell មាននិយាយថា «ខ្ញុំបានប្រាប់ទៅកាន់ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រួចហើយថា កុំបារម្ភអី អឺរ៉ុបនឹងមិនធ្វើសង្គ្រាមត្រជាក់ណាមួយជាមួយចិនទេ»។

សេចក្តីថ្លែងការណ៍របស់លោក Borrell នេះ កើតឡើងនៅពេលដែលទីក្រុងព្រុចសែល និងទីក្រុងប៉េកាំង កំពុងត្រៀមសម្រាប់កិច្ចប្រជុំកំពូលអឺរ៉ុប – ចិន នាពេលខាងមុខ ចំពេលដែលមានភាពតានតឹងរវាងរដ្ឋាភិបាល២ នៅអឺរ៉ុបបានចោទប្រកាន់ប្រទេសចិនថា បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការរាតត្បាតមេរោគកូរ៉ូណាវីរុស។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់បែបនេះ។

នៅក្នុងខែឧសភា អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានទទួលស្គាល់ថា ទីក្រុងព្រុចសែលប្រឈមមុខនឹងសម្ពាធក្នុងការជ្រើសរើសភាគីនៅក្នុងភាពតានតឹងដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្តែលោកបាននិយាយថា ប្លុកនេះមានបំណង «ធ្វើតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង» ហើយជៀសវាង «ត្រូវបានគេលេង» ដោយភាគីណាមួយ។

ទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងចិននាពេលថ្មីៗនេះ មានភាពស្រពិចស្រីលដោយសារសេចក្តីសម្រេចរបស់ទីក្រុងប៉េកាំងក្នុងការអនុវត្តច្បាប់ថ្មីមួយនៅក្នុងទីក្រុងហុងកុង និងការរិះគន់របស់ទីក្រុងព្រុចសែលទៅលើបញ្ហានេះ។ លោក  Borrell បាននិយាយថា ច្បាប់ដែលហាមឃាត់ការក្បត់ជាតិ និងសកម្មភាពកុបកម្មផ្សេងៗដែលអាចបែងចែកប្រទេសចិន គឺជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់សហភាពអឺរ៉ុបហើយវាមិនសមស្របទៅនឹងការប្តេជ្ញាចិត្តរបស់ចិនក្នុងការថែរក្សាស្វ័យភាពទឹកដីនោះទេ។ ទោះជាយ៉ាងណា សហគមន៍អឺរ៉ុបបានបញ្ឈប់ការសន្យាសងសឹកចំពោះច្បាប់នេះ ដែលមិនដូចទៅនឹងសហរដ្ឋអាមេរិកដែលបានថ្កោលទោសយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ចិននេះទេ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)