សត្វត្រយងយក្សនៅកម្ពុជាមានប្រមាណ៣០០ក្បាល និងត្រយងចង្កំកសជិត៦០០ក្បាល

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៦ ២០២០៖

 ក្រសួងបរិស្ថាន បានឲ្យដឹងថា ចំនួនសត្វត្រយងយក្សដែលកំពុងមានវត្តមាននៅកម្ពុជាមានប្រមាណ៣០០ក្បាល និងត្រយងចង្កំកសមានចំនួនជិត៦០០ក្បាល ដែលចំនួននេះខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន គឺត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោក មានចំនួនប្រមាណ៣០០ក្បាល ស្មើនឹង ៩៩ភាគរយ នៃសត្វត្រយងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត៦០០ក្បាល ស្មើនឹងប្រមាណ៩៥ភាគរយ នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។
ក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានជាតិជិត២០ស្ថាប័ន ទៅពិនិត្យលើការអនុវត្តគម្រោងការពារនិងអភិរក្សសត្វព្រៃ របស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) កាលពីថ្ងៃទី៩ និងទី១០ ខែមិថុនា នៅក្នុងដែនជម្រក សត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងទឹកដីខេត្តព្រះវិហារ ឯកឧត្តម បានឲ្យដឹងថា សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់កម្ពុជា។ កម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសដែលជាប្រភេទស ត្វ​ដែលរងគ្រោះបំផុត ជិតផុតពូជនៅលើពិភពលោក។
នៅឆ្នាំ២០០៥ សត្វត្រយងយក្ស ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងយក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត ដោយក្នុងនោះក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើន ក្នុងនោះអង្គការWCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ និងអភិរក្សសត្វត្រយងយក្សនិងសត្វត្រយងចង្កំកសនេះ តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយង ដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS បានឲ្យដឹងថា គម្រោងស្រូវសត្វត្រយងបានអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន បានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារអស់រយៈពេល១០ឆ្នាំមកហើយ ដើម្បីអភិរក្សកម្មវិធីលើកកម្ពស់ជីវភាពដែលផ្សាភ្ជាប់ជាមួយការអភិរក្ស ដែលផ្តល់ផលប្រយោជជន៍ជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋមូលដ្ឋាន។ គម្រោងស្រូវសង្គ្រោះសត្វព្រៃនេះរួមមាន ការមិនកាប់ទន្ទ្រាននិងពង្រីកដីខុសច្បប់ គោរពគោលការណ៍មិនបរបាញ់ មិនបរិភោគ និងជួញដូរសត្វព្រៃនិងអនុវត្តផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ។ លោកថា នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កសិករដែលចូលរួមជាមួយគម្រោងមានការកើនឡើងពី៣៥គ្រួសារ នឹងរំពឹងថា កើនដល់៧៥០ គ្រួសារ នៅក្នុងឆ្នាំ២០២០នេះ។
ការពង្រីកគម្រោងនេះ ត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ បរិមាណផលិតស្រូវសត្វត្រយ៉ងដែលបានទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងពី៣៩តោន រហូតដល់១.២០០តោន នៅក្នុងឆ្នាំ២០១៩ ជាមួយការរំពឹងទុកសម្រាប់ឆ្នាំ២០២០ គឺ២០០០តោន។
គួរបញ្ជាក់ថា ផលិតផលស្រូវត្រយ៉ងបានទទួលវិញ្ញាបនបត្របញ្ជាក់ថា ជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងហុងកុង ហើយនៅឆ្នាំ២០២១ខាងមុខ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលីបន្ថែមទៀត៕