សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកអង្គស្នួល

AKP កណ្តាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្តាល បានដឹកនាំប្រតិភូក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ នៅភូមិក្ដាន់រយ ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោក ទៀង សុគន្ធ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីនឹករឭក និងក្តីអាណិតអាសូរយ៉ាងពន់ពេក ។ លោកនាយកសាខា បានសំណូមពរដល់ គ្រួសាររងគ្រោះទាំងអស់ សូមមេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារ ឡើងវិញឱ្យមានភាពប្រសើរ ។

លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។

លោកនាយក បានផ្តាំផ្ញើសូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តន៍នូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ -១៩ ក្នុងសហគន៍ ។ អំណោយដែលប្រជាពលរដ្ឋរងគ្រោះទទួលបានទាំង ១៤គ្រួសារ ក្នុងនោះ៤គ្រួសារទទួលរងគ្រោះធ្ងន់ធ្ងរទទួលបាន អង្ករ សម្ភារៈប្រើប្រាស់ រួមទាំងថវិកា៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)