អាជ្ញាធរខេត្តមណ្ឌលគិរីប្រើឧគ្ឃោសនស័ព្ទផ្សព្វផ្សាយច្បាប់ចរាចរណ៍ដែលមានភាសាជាតិនិងភាសាជនជាតិដើមភាគតិច

វិទ្យុជាតិកម្ពុជា​ ៖

អាជ្ញាធរខេត្តមណ្ឌលគិរីប្រើឧគ្ឃោសនស័ព្ទផ្សព្វផ្សាយច្បាប់ចរាចរណ៍ដែលមានភាសាជាតិនិងភាសាជនជាតិដើមភាគតិចដើម្បីបង្កភាពងាយស្រួលដល់បងប្អូនជនជាតិភាគតិចអាច យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រកបដោយប្រសិទ្ធភាពនិងកាត់បន្ថយហានិភ័យតាមដងផ្លូវ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថាស្នងការនគរបាលខេត្តមណ្ឌលគិរីបានប្រើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោកថ្មីដោយមានទាំងភាសាខ្មែរនិងភាសាជនជាតិដើមភាគតិចមានដូចជា ចាក់សារសំឡេងបិទបង្ហាញលិខិតប័ណ្ណគ្រប់រូបភាពនិងចុះពន្យល់ណែនាំចំពោះបងប្អូនជនជាតិដើមភាគតិចដល់មូលដ្ឋានដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនជនជាតិដើមដែលមិនចេះភាសាខ្មែរ បានដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក។
ឯកឧត្តមបន្តថា ក្រោយពីការប្រើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមកប្រជាពលរដ្ឋទាំងអស់នៅទូរទាំងខេត្តមានការយល់ដឹងខ្ពស់ពីសុខសុវត្ថភាពផ្ទាល់ខ្លួននិងអ្នកដទៃចេះគោរពច្បាប់ចរាចរណ៍បានយ៉ាងប្រសើរតាមការណែនាំរបស់អគ្គស្នងការនគរបាលខេត្ត។
ដោយសារពលរដ្ឋនៅក្នុងខេត្តតែជាជនជាតិដើមភាគតិចនេះគាត់ក្រោយពីយើងពន្យល់ណែនាំទៅលើពួកគាត់តាមរយៈការចាក់សារជាសំឡេងជាបទចម្រៀងចាក់សារសំឡេងដែរឯកឧត្តមអគ្គស្នងការផុសឱ្យធ្វើជាប្រភេទផ្សេងៗយើងយកទៅចាក់នៅតាមភូមិឃុំរបស់គាត់ហើយឃើញថាគាត់គោរពបានល្អមែនទែនក្រោយពីការចាក់នេះ។
សូមបញ្ជាក់ថា ក្រោយពី អនុវត្តការរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នៅទូទាំងខេត្ត មណ្ឌលគិរីសម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សំគាល់។