អាជ្ញាធរក្រុងស្ទឹងត្រែងសម្អាត តាមដងផ្លូវ ជួរមាត់ទន្លេ ដើម្បីលើកកំពស់សោភណ្ឌភាព ទីក្រុង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង 

អាជ្ញាធរក្រុងស្ទឹងត្រែងបានចាប់ផ្តើម អភិវឌ្ឍន៍តំបន់តាមជួរមាត់ទន្លេដើម្បីរៀបចំទីក្រុងឱ្យមានសោភណ្ឌភាពស្អាតនិងបានចលនាប្រជា ពលរដ្ឋឱ្យភ្ញាក់រលឹក ចូលរួមសំអាតបរិស្ថាន ដើម្បីជួយលើកកម្ពស់សុខភាពរស់នៅ។

ក្នុងសកម្មភាពសំអាតបរិស្ថានតាមដងផ្លូវ និងជួរមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែងកាលពីថ្ងៃទី០9 មិថុនាលោកសាយកុសលអភិបាលក្រុងមានប្រសាសន៍ថា៖ជំហានទីមួយនេះក្រុមការងារចាប់ផ្តើមកាត់ដើមឈើណាដែលមានភាពស្មុគ្រស្មាញនិងងាយបាក់បង្កគ្រោះថ្នាក់ចេញ ហើយទុកតែដើមឈើហូមផ្លែ និងឈើដែលមានប្រយោជន៍ផ្តល់ម្លប់សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋយើង បានអង្គុយលេងពេលល្ងាចតែប៉ុណ្ណោះ។
លោកអភិបាលក្រុងបន្តថា៖ អាជ្ញាធរនិងរៀបចំទីក្រុងឱ្យមានសោភណ្ឌភាព ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋជាង១៣០ខ្នងផ្ទះ ពីមុនរស់នៅតាមជួរមាត់ទន្លេនេះ ហើយបច្ចុប្បន្នពួកគាត់បានស្ម័គ្រចិត្តទៅរស់នៅភូមិអភិវឌ្ឍន៍ថ្មីហើយ។
លោកបន្ថែមថា៖ការរៀបចំបែបនេះគឺមានអត្ថប្រយោជន៍ច្រើន ព្រោះ ប្រជាពលរដ្ឋរស់នៅក៍មានសុខមាលភាពល្អ ហើយភាពស្អាត់នេះនិង ទទួលបានការលើកសរសើរពីភ្ញៀវ ទេសចរ ដូចនេះបងប្អូនប្រជាពលរដ្ឋយើងរស់នៅក៍ត្រូវតែចូលរួមសំអាតបរិស្ថានកុំចាំបាច់អាជ្ញាធរណែនាំ។

លោកវ៉ាន់ណាលីប្រជាពលរដ្ឋនៅភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង បានកត់សំគាល់ថា៖រាល់សកម្មភាពនេះ អាជ្ញាធរក្រុងបានធ្វើអ្វីៗទៅតាមការសន្យាមែន ហើយ បងប្អូនយើងគាំទ្រចំពោះការរៀបចំអភិវឌ្ឍន៍នេះព្រោះច្រើនឆ្នាំមកហើយ នៅតាមតំបន់មាត់ទន្លេនេះ មិនដែលបានរៀបចំស្អាតទេ ដោយសារតែមានប្រជាពលរដ្ឋរស់នៅតាមនេះ ពិបាករៀបចំ ។
លោកបន្តថា៖កាលណាទីក្រុងមានបរិស្ថានស្អាត យើងកាត់បន្ថយបានពីការកើតជម្ងឺផ្សេងៗ នឹងការចំលងមេរោគជាដើម ជាពិសេសជម្ងឺឆ្លង(កូវីដ១៩) ដែលរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលកំពុងចាត់វិធាន ការបង្ការយ៉ាងម៉ឺងម៉ាត់និងបានណែនាំឱ្យធ្វើអនាម័យគ្រប់យ៉ាង។

សូមបញ្ជាក់ថា៖ទីក្រុងស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា ដូចនេះអាជ្ញាធរ ធ្វើសកម្មភាពអភិវឌ្ឍន៍និងតាមដងផ្លូវនេះ ជាត្រីវិស័យមួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នាភ្ញាក់រលឹកចូលរួមសំអាតបរិស្ថាននិងអនុវត្តតាម ការណែនាំ ដើម្បីធ្វើឱ្យមូលដ្ឋានមានភាពស្អាតនិងភាពបៃតង៕