អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមដាំដើមផ្កាក្រដាសជាង៦ម៉ឺនគុម្ព នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣

វិទ្យុជាតិកម្ពុជា៖ លោស្រី ធីណា ឌីណេ10,06,2020 ៖

អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមដាំដើមផ្កាក្រដាស ៦០២០០គុម្ព នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣ ដើម្បីលើកកម្ពស់សោភ័ណភាព នឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តត្រៀមរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានផ្កា និងដើមឈើ ៩ ប្រភេទផ្សេងៗគ្នា។ ដោយឡែកមហាវិថីទាំង៣ គឺមានមហាវិថីរាម មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដែលមានប្រវែង សរុបចំនួន ២២.៧៣១ម៉ែត្រ ទទឹង៥០ម៉ែត ទ្រូងផ្លូវ ២៥.៧៥ម៉ែត្រ ដោយទុកមេដ្យានទ្រូងថ្នល់ ដែលមានចន្លះកន្លះម៉ែត ទទឹកកន្លះម៉ែត ធ្វើជាសួនដាំដើមផ្កាក្រដាស ដើម្បីធ្វើឲ្យដងវិថីទាំងកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្តព្រះសីហនុ» កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ទៀតថា ផ្កាក្រដាសដែលត្រៀមដាំ នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣ មានចំនួន ៦០២០០គុម្ព ដោយបច្នុប្បន្ននេះ រដ្ឋបាលខេត្តបាន កំពុងត្រៀមធ្វើដៃគូជាមួយអ្នកដែលបណ្តុះផ្កាក្រដាស មានទីតាំងស្ថិតនៅ ព្រែកហូរ ខេត្តកណ្តាល ដើម្បីនាំទៅដាំ នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣ ។
ការទុកទ្រូងផ្លូវនេះ គឺយើងទុកធ្វើជាសួន ដើម្បីត្រៀមដាំដើមផ្កាក្រដាស ព្រោះដោយសារតែសួននេះស្រទាប់ដីដែលយើងដាក់ដាំស្មៅវាមិនជ្រៅពេកទេ ដោយមានកម្ពស់ត្រឹមតែ៣ទឹក ឬត្រឹមតែ៣ទឹកកន្លះយ៉ាងច្រើន ។ ដូច្នេះប្រសិនបើយើងដាំរុក្ខជាតិផ្សេងទៀតវាមិនធានាដល់ការលូតលាស់បានល្អនោះទេ ដោយសារតែបញ្ហាដីវាតិចពេក អញ្ចឹងតាមការសិក្សារបស់អ្នកបច្ចេកទេសរបស់យើង គឺសម្រេចដាំដើមផ្កាក្រដាស ហើយឥឡូវនេះយើងកំពុងត្រៀមធ្វើដៃគូជាមួយអ្នកដែលបណ្ដុះផ្កាក្រដាសនៅខាងព្រែកហូររបស់យើងនេះ ដើម្បីនាំទៅដាំនៅតាមមេដ្យានផ្លូវនានានៅក្នុងមហាវិថីទាំង៣ ដែលមានមហាវិថីរាម មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដែលយើងនិងធ្វើការដាំដុះនៅពេលស្ថាបនាផ្លូវទាំងនេះរួច»។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រៅពីការដាំដើមផ្កាក្រដាស នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣នេះ អាជ្ញាធរខេត្តក៏មានដាំដើមឈឺ ៨ប្រភេទផ្សេងទៀត នៅសងខាងផ្លូវចំនួន ១៥៦៥០ដើម មានដូចជា ដើមរាជព្រឹក្ស៣៣៨០ដើម , ដើមផ្កាចា៣៧៦៥ដើម, ដើមនាងនួន២៩៤០ដើម, ដើមធ្នង់ ១២៧៣០ដើម, ដើមឥន្ទនេល១៩២៥ដើម, ដើមក្ងោក៨៨០ដើម, ដើមបូរព្រឹក្ស៦៥០ដើម, ដើមរំដួល ៣៨០ដើម ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុង ជាលំនឹងបរិស្ថាន នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕