ការបើកទីផ្សាររបស់ចិនក្នុងការទទួលទិញផ្លែស្វាយស្រស់ពីកម្ពុជា គឺជាការជំរុញដ៏សំខាន់ដល់ប្រជាកសិករក្នុងការបង្កើនផ្ទៃដីដាំដុះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១០.៦.២០២០៖

ការបើកទីផ្សាររបស់ចិនក្នុងការទទួលទិញផ្លែស្វាយស្រស់ពីកម្ពុជា គឺជាការជំរុញដ៏សំខាន់ដល់ប្រជាកសិករក្នុងការបង្កើនផ្ទៃដីដាំដុះ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ពិសេសចូលរួមលើកស្ទួយគុណភាពផលិតផលក្នុងស្រុក។

លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល នឹងជំរុញ ឲ្យប្រជាកសិករ ខិតខំប្រឹង ប្រែងយក ចិត្តទុក ដាក់ ក្នុងការ បង្កបង្កើនផលដំណាំស្វាយបន្ថែមទៀត។ លោកបានបន្ត ថា ទីផ្សារប្រទេសចិន នឹងអាចស្រូបយកបរិមាណស្វាយកំពង់ស្ពឺ បានច្រើន និងមានតម្លៃកាន់តែប្រសើរ ព្រោះ នៅទូទាំងខេត្តកំពង់ស្ពឺផ្ទៃដីដាំដុះដំណាំស្វាយមានចំនួនជាង៦ម៉ឺនហិកតា ដោយក្នុងមួយហិកតាទទួលបានផល ៥តោន។

 « ទីផ្សារគឺមានច្រើន ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានបង្កលក្ខណៈរកទីផ្សារចេញទៅក្រៅ ពីមុនមានតែត្រឹមប្រទេសវៀតណាមនិងប្រទេសថៃទេ ។ឥលូវនេះមានការនាំចេញ ទៅខាងបែងអឺរ៉ុបប្រទេសបារាំងនិងប្រទេសអាឡឺម្ល៉ង់ ក៏មានទៅខាងប្រទេសសង្ហិបុរី ផងដែរ។ ឥលូវនេះទីផ្សារដែលធំគឺប្រទេសចិន មានការនាំចេញ បន្ទាប់មកទៅខាងប្រទេសកូរ៉េ ។ពង្រឹងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនិងគុណភាពនិងការងារបច្ចេកទេសផ្សេងៗតាមតម្រូវការលក្ខខណ្ឌភាគគី បញ្ជារទិញដែលដាក់ទិញនិងព្យាយាមកិច្ចការនេះឲ្យកាន់តែប្រសើរជាងមុនទៀតដើម្បីធ្វើការឆ្លើយតបទៅទីផ្សាររបស់គេ»។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ខែមិថុនាកម្ពុជា-ចិនបានផ្លាស់ប្តូរពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” ដូច្នេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។

គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន៕