រាជរដ្ឋាភិបាលកំពុងដំណើរការពង្រីកផ្លូវរត់យន្តហោះប្រវែង៨០០ម៉ែត្រនៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងែទី ១០ ខែមិថុនាឆ្នាំ ២០២០៖

រាជរដ្ឋាភិបាលកំពុងដំណើរការពង្រីកផ្លូវរត់យន្តហោះប្រវែង៨០០ម៉ែត្របន្ថែមទៀតនៅអាកាស យាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រម ទាំងវិនិយោគិនផ្សេងៗដែលមានបំណងចង់ធ្វើដំណើរកាន់ខេត្ត ព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ដោយមានការសហការ គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនរបស់បារាំង ដំណើរការពង្រីកអាកាសយានដ្ឋាន អន្តរ ជាតិ ខេត្តព្រះសីហនុប្រព្រឹត្តទៅយ៉ាងរលូនដោយសម្រេចបាន ប្រមាណ ៧០ភាគរយ លើការងារ កសាងផ្លូវរត់យន្តហោះបន្ថែមប្រវែង ៨០០ម៉ែត្របន្ថែមលើផ្លូវបច្ចុប្បន្ន។
ឯកឧត្តមបានាបញ្ជាក់ថា ការអភិវឌ្ឍផ្លូវរត់យន្តហោះបន្ថែមនេះ ដើម្បីមានលទ្ធភាពទទួលបាន ការចុះ ចតយន្តហោះ គ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតធំផងដែរ។
« បច្ចុប្បន្នគឺ ព្រលានយន្តហោះកងកេងរបស់យើង នៅស្ថិតនៅក្នុងកម្រិត ដែលគេហៅថា three I មានន័យថាព្រលានយន្តហោះ ដែលគេអាចអង្គុយតែ២ជួរទេ គឺចុះចតបាន យើងកំពុងតែធ្វើការ កសាងនិងអភិវឌ្ឍន៍ដោយ ក្លាយទៅជាព្រលានយន្តហោះ three I ឯផ្លូវរតយើងកសាងអោយបានរហូតទៅដល់ ៣២០០ម៉ែត្រ អញ្ចឹងមានន័យថា វាក្លាយទៅជាព្រលានយន្តហោះដែលមានកម្រិត four I កម្រិត four I មានន័យថាកម្រិត four I ដែលអាចឲ្យយន្តហោះដែលអង្គុយ៣ ជួរ មានផ្លូវដើរពីរនៅកណ្ដាលហើយភ្ញៀវអង្គុយ៣ ជួរ ខាងស្ដាំដៃផង កណ្តាលផង និងខាងឆ្វេងផង»។
ឯកឧត្តមបន្ថែម ក្រោយពង្រីកផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងក្លាយជាផ្លូវរត់ ៣,៣ គីឡូម៉ែត្រ ដែលនឹងអាចទទួលការចុះចតរបស់យន្តហោះធំៗបាន។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែនេះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួល អ្នកដំណើររហូតដល់ទៅ ៧សែននាក់ ដែលមានកំណើន ២១០ភាគរយ ធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំមុន ហើយវារីកលូតលាស់លឿនជាងគេបំផុត ក្នុងចំណោមអាកាសយានដ្ឋាន អន្តរជាតិ ទាំង ៣ នៅកម្ពុជា៕