សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមដានកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ១០ ០៦ ២០២០៖

សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមដានកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីវាយតម្លៃកិច្ចគាំពារប្រាង្គបា្រសាទដែលជាបេតិក ភណ្ឌ ពិភពលោកអោយបានគង់វង្ស ។

    លោក ឡុង កុសល អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការចុះពិនិត្យតាមដានការងាររបស់សហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ នៅរាល់ការដ្ឋាន និងគម្រោងអភិវឌ្ឍន៍នានាក្នុងតំបន់រមណីយអង្គរ គឺជាភារកិច្ចដ៏សំខាន់មួយរបស់ គណៈកម្មាធិការអន្តរជាតិដ៏ធំមួយនេះសម្រាប់កិច្ចការអភិរក្សរមណីយដ្ឋានអង្គរ ។ លោកបានបន្តថា ការចុះពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់របាយការណ៍និងផ្ទៀងផ្ទាត់នូវអនុសាសន៍ដែលក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្តល់ជូនក្រុមការងារអនុវត្តគម្រោងនីមួយៗក្នុងកិច្ចប្រជុំមុនៗ ។ លោកបន្ថែមថា បន្ទាប់ពីចុះពិនិត្យនូវរាល់ការអនុវត្តការងារទាំងនោះ សហប្រធាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងធ្វើរបាយការណ៍ជូនក្រុមអ្នកជំនាញការជាន់ខ្ពស់ ដើម្បីស្វែងរកបញ្ហាប្រឈមនិងផ្តល់ជូនអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីជំរុញការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ ។

« អ្វីដែលជាការចុះពិនិត្យរបស់សហប្រធាន នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនៅពេលនេះ ការពិតទៅកិច្ចការងារនេះជាកិច្ចការប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំរយៈពេល៦ខែម្តងគណៈកម្មាធិការគឺត្រូវប្រជុំបានន័យថាក្នុងមួយឆ្នាំមានកិច្ចប្រជុំ២ដង ហើយការដែលគាត់អញ្ជើញទៅចុះពិនិត្យនៅពេលនេះ គឺដោយសារតែអ្នកជំនាញការចំពោះកិច្ចខាងផ្នែក អភិរក្សក៏ដូចជាផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពហ្នឹង គឺគាត់ខកខានពុំអាចមកស្រុកខ្មែរបានដោយសារតែ មានបញ្ហាជម្ងឺកូវីដ១៩ហ្នឹង គាត់មិនអាចអញ្ជើញមកស្រុកខ្មែរបានទេ ដូច្នេះដើម្បីតាមដានសកម្មភាពការងារដែលយើងបានកំពុងតែបំពេញ រឺក៏ជាកិច្ចការងារដែល យើងបានបំពេញកន្លងមកហើយ ហើយកំពុងតែបន្តទៅទៀតនេះ គឺពួគគាត់សហប្រធាននេះត្រូវចុះមកត្រួតពិនិត្យ មើលទៅលើសកម្មភាពកិច្ចការទាំងអស់នេះថាតើ អ្នកកំពុងតែអនុវត្តន៍កិច្ចការងារនិង ទាំងអាជ្ញាធរជាតិអប្សរាក្តី ការដ្ឋានស្ថាប័នអន្តរជាតិមួយចំនួនកំពុងតែបន្តកិច្ចការងារនិង ថាបានអនុវត្តន៍ត្រឹមត្រូវស្របទៅតាមការណែនាំ របស់អ្នកជំនាញចំពោះកិច្ច ខាងផ្នែកអភិរក្សរឺខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពហ្នឹងដែររឺទេ  »។

សូមបញ្ចាក់ ការចុះត្រួតពិនិត្យរបស់ក្រុមការងារសហប្រធានគណៈកម្មការអាយស៊ីស៊ី-អង្គរ ត្រូវធ្វើឡើង២ដងក្នុងមួយឆ្នាំ ជាក់ស្តែងកាលពីថ្ងៃទី៦-៧ ខែមិថុនា សហប្រធានបច្ចេកទេសជប៉ុន ចុះត្រួតពិនិត្យ និងថ្ងៃទី៨-១០ ខែមិថុនា សហប្រធានបច្ចេកទេសបារាំង ចុះត្រួតពិនិត្យផងដែរ ៕