ស្ថានភាពនៅក្នុងខេត្តអ៊ីដលីបនៃប្រទេសស៊ិរីកំពុងមានស្ថិរភាព

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​ — ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ស្ថានភាពនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរីកំពុងមានស្ថិរភាព បើទោះបីជាមានឧប្បត្តិហេតុដាច់ស្រយាលនៅក្នុងតំបន់នៃមហាវិថី M4 ក៏ដោយ។

លោក Erdogan បាននិយាយនៅស្ថានីយទូរទស្សន៍ TRT ថា «ពេលខ្លះមានបញ្ហាកើតឡើងនៅក្នុងខេត្តអ៊ីដលីបនៅលើមហាវិថី M4 ប៉ុន្តែជាទូទៅអ្វីៗនឹងល្អប្រសើរ ហើយជនភៀសខ្លួន ២០០.០០០នាក់បានវិលត្រឡប់ទៅផ្ទះវិញហើយ»។

ស្ថានភាពនៅខេត្តអ៊ីដលីបបានកើនឡើងកាលពីចុងខែកុម្ភៈ នៅពេលដែលភេរវករនៃក្រុម Hayat Tahriral-Sham បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយកងទ័ពស៊ីរីបានបាញ់តបវិញ។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យោធាតួកគីដែលមិនត្រូវបានគេសន្មត់ថា នៅទីនោះក៏ត្រូវបានរងការបាញ់ប្រហារផងដែរ។

បន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួក លោក អេរដូ-ហ្គែន នៅទីក្រុងមូស្គូកាលពីថ្ងៃទី៥ ខែមីនា មក បានធ្វើឱ្យមានភាពប្រសើរឡើងនូវស្ថានភាពនោះ ដោយ       ភាគីទាំងពីរបានអនុម័តទៅលើឯកសាររួមមួយ ដែលក្នុងនោះពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះទម្រង់ Astana និងបានប្រកាសបទឈប់បាញ់។ លើសពីនេះទៀត ទីក្រុងមូស្គូ និងទីក្រុង អង់ការ៉ា បានយល់ព្រមធ្វើការល្បាតរួមគ្នានៅលើមហាវិថី M4 ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)