មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បន្ទោសអឺរ៉ុបចំពោះភាពបរាជ័យក្នុងជំហរទៅកាន់សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​ — ទីភ្នាក់ងារព័ត៌មាន Tasnim បាននិយាយថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានសភាអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការអន្តរជាតិ បានរិះគន់អឺរ៉ុបកាលពីថ្ងៃអង្គារចំពោះការខកខានមិនបានការពារប្រទេសរបស់លោកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាថ្នូរនឹងអ៊ីរ៉ង់ដែលស្ថិតនៅក្នុងកតិកាសញ្ញាអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរបស់លោក Hossein Amir Abdollahian ដែលបាននិយាយថា «បណ្តាប្រទេសនៅអឺរ៉ុបចាំបាច់ត្រូវមានជំហរប្រឆាំងនឹងការសម្រេចជាឯកតោភាគី និងតាមអំពើចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន»។

លោក Amir Abdollahian បាននិយាយជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអ៊ីរ៉ង់ លោក Philippe Thiebaud នៅទីក្រុងតេអេរ៉ង់ ថា ដោយការប្រជែងជាមួយសហរដ្ឋអាមេរិកជុំវិញកិច្ចព្រមព្រៀងអាវុធ នុយក្លេអ៊ែរឆ្នាំ ២០១៥ អឺរ៉ុបនឹងការពារសន្តិភាព និងសន្តិសុខពិភពលោក។

កាលពីថ្ងៃទី២៧ ឧសភា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការលះបង់ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសធ្វើការលើគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយសន្តិវិធីដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរបន្ទាប់ពីរយៈពេល ៦០ថ្ងៃក្រោយការបញ្ចប់។ សហរដ្ឋអាមេរិកនឹងផ្តល់ការពន្យារពេល៩០ថ្ងៃ សម្រាប់ការលើកលែងទណ្ឌកម្មសម្រាប់អង្គភាពបរទេសដែលចូលរួមក្នុងការងារនៅអង្គភាពទីមួយនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។ ការសម្រេចនេះត្រូវបានរិះគន់ដោយរុស្ស៊ី និងចិនរួចហើយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)