ការពិគ្រោះយោបល់អំពីស្ថិរភាពជាយុទ្ធសាស្រ្តនឹងត្រូវធ្វើឡើង ក្នុងទម្រង់រុស្ស៊ី-សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា លោកនឹងធ្វើកិច្ចចរចាស្ថិរភាពជាយុទ្ធសាស្ត្រជាមួយប្រេសិតប្រធានាធិបតីពិសេសសហរដ្ឋអាមេរិកសម្រាប់គ្រប់គ្រងអាវុធ លោក Marshall Billingslea នៅទីក្រុងវីយែន នៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ។

អ្នកការទូតជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីរូបនេះបាននិយាយថា «ជាការពិត! យើងបញ្ជាក់ហើយថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ»។ គណៈប្រតិភូនឹងដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកលើបញ្ហានេះក្នុងនាមប្រទេសរុស្ស៊ី និងដោយតំណាងពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់គ្រប់គ្រងអាវុធ លោក Marshall Billingslea ក្នុងនាមភាគីសហរដ្ឋអាមេរិក។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះបាននិយាយថា លោកសង្ឃឹមថា ការបន្តកិច្ចសន្ទនាស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រនេះនឹងជួយ «ធ្វើឱ្យដំណើរការនេះទទួលបានជោគជ័យ ហើយនឹងគូសផែនទីផ្លូវឆ្ពោះទៅមុខបន្តទៀត»។

លោក Ryabkov បាននិយាយថា ដូចដែលអ្នកការទូតជាន់ខ្ពស់រុស្ស៊ីបាននិយាយហើយថា ទីក្រុងមូស្គូមានការភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់ភាគីសហរដ្ឋអាមេរិក ដែលសហសេវិកនៅទីក្រុងវ៉ាស៊ីនតោនរំពឹងថា នឹងមានការមកដល់របស់តំណាងចិននៅឯកិច្ចប្រជុំនៅទីក្រុងវីយែននៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ។ យើងដឹងអំពីជំហររបស់ចិន ហើយទទួលយកវាដោយការគោរព។ នេះជាមូលហេតុដែលយើងដំណើរការកិច្ចប្រជុំនៅទីក្រុងវីយែននេះក្នុងទម្រង់ទ្វេភាគីរវាងរុស្ស៊ី – សហរដ្ឋអាមេរិក ជាមួយនឹងការចូលរួមពីគណៈប្រតិភូដែលទីភ្នាក់ងារជំនាញទាំងអស់នឹងត្រូវបានតំណាង៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)