កូរ៉េខាងជើងផ្តាច់ខ្សែទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូងកាលពីពេលថ្ងៃត្រង់ថ្ងៃទី៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​ — ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ( KCNA ) បានជូនដំណឹងថា កូរ៉េខាងជើងបានកាត់ផ្តាច់រាល់ការប្រាស្រ័យទាក់ទងជាមួយកូរ៉េខាងត្បូងចាប់ពីថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា (ម៉ោងនៅទីក្រុងមូស្គូ) ដើម្បីឆ្លើយតបទៅនឹងកូរ៉េខាងត្បូងដែលបានផ្ញើខិតប័ណ្ណឃោសនាដល់កូរ៉េខាងជើង។

​សារនេះបានសរសេរថា «ជំហាននេះ (ការកាត់ផ្តាច់ទំនាក់ទំនង) នឹងក្លាយជាជំហានដំបូងនៅក្នុងបញ្ជីនៃសេចក្តីសម្រេច ដែលមានបំណងបំផ្លាញរាល់មធ្យោបាយដែលអាចធ្វើទៅបាន នៃការប្រាស្រ័យទាក់ទងជាមួយកូរ៉េខាងត្បូង និងបញ្ឈប់សកម្មភាពដែលមិនចាំបាច់ផ្សេងៗទៀត»។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយបន្ថែមថា រាល់ការប្រាស្រ័យទាក់ទងជាមួយកូរ៉េខាងត្បូងត្រូវបានបិទនៅថ្ងៃអង្គារដោយចាប់ផ្តើមពីម៉ោង ១២:០០ ម៉ោងក្នុងស្រុក (ម៉ោង ០៦:០០ ម៉ោងនៅទីក្រុងមូស្គូ)៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)