ក្រសួងវប្បធម៌កោះហៅអ្នកនិពន្ធបទ«កណ្តៀវអូនស្រួយ»មកណែនាំឱ្យកុំអោយប្រាស់ចាកពីតម្លៃវប្បធម៌ខ្មែរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានកោះហៅអ្នកនិពន្ធបទ«កណ្តៀវអូនស្រួយ»មកណែនាំអប់រំ បន្ទាប់ពីក្រសួងពិនិត្យឃើញថា បទចម្រៀងនេះ មានអត្ថន័យ​ប៉ះពាល់ដលតម្លៃសីលធម៌សង្គមខ្មែរ។

ឯកឧត្តម ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់វិទ្យុជាតិកម្ពុជាថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា  បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ដើម្បី​​ទទួល​បានការណែនាំពីមន្រ្តីក្រសួងវប្បធម៌ បន្ទាប់ពីបទចម្រៀងពោរពេញដោយអត្ថន័យប៉ះពាល់​ដល់សីលធម៌សង្គម។

ឯកឧត្តមបញ្ជាក់ថា ក្រោយពីបានស្តាប់ការណែនាំរួចហើយ លោក អ៊ិច ចន្ថា បានទទួលស្គាល់កំហុសនិងបាន​​ធ្វើ​​កិច្ចសន្យា​ថានឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះ​​ពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ៖

សំឡេង៖«ទីមួយគាត់ព្រមទទួលស្គាល់រាល់ទង្វើដែលគាត់បានធ្វើកន្លងមក ហើយគាត់បានសន្យាថា នឹងមិនប្រព្រឹត្​តរាល់​​សកម្មភា​ពអញ្ចឹងទៀតទេ ដោយធ្វើបានធ្វើកិច្ចសន្យាជាមួយក្រសួងវប្បធម៌រួចហើយដែរ»

ឯកឧត្តម ចំរើន វ៉ាន់ថា  ក៏បានអំពាវនាវដល់អ្នកនិពន្ធឬផលិតកម្មផ្សេងៗទៀតមុននឹងផលិតឬតាក់តែងបទ​​ចម្រៀងអ្វីមួយត្រូវ​​គិតគូពីតម្លៃសី​លធម៌ខ្មែរជាមុន សិន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ​​ចៀសវាងផលិត​​ចេញហើយរងការរិះ​​គុណពីមហាជន និងប្រឈមនឹងផ្លូវច្បាប់។ ម៉្យាងវិញទៀតអ្នកនិពន្ធទាំងអស់ត្រូវតែយកចំណេះ​​ជំនាញដែលមានយកមកជួយអភិរក្សថែរក្សាប្រពៃណីជាតិខ្មែរ និងសង្គមជាតិខ្មែរឱ្យបានល្អព្រោះអ្នកនិពន្ធសុទ្​ធតែមានទេពកោសល្យចំណេះ​ដឹងខ្ពស់មិនមែនប្រជាជនធម្មធម្មអាចធ្វើបាននោះទេ ៕