សេដ្ឋកិច្ចប្រទេសហ្វីលីពីននឹងធ្លាក់ចុះ ១,៩ភាគរយក្នុងឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​ — ធនាគារពិភពលោក (WB) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ថា សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ ១,៩ភាគរយនៅក្នុងឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និងជំងឺកូវីដ-១៩។

នៅក្នុងរបាយការណ៍នេះ ធនាគារពិភពលោកបាននិយាយថា ការផ្ទុះភ្នំភ្លើង Taal និងការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ រួមទាំងវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងរោគរាតត្បាតនេះ បាននាំឱ្យមានការរំខានយ៉ាងខ្លាំងក្នុងវិស័យរោងចក្រផលិតកម្ម កសិកម្ម ទេសចរណ៍ សំណង់ និងពាណិជ្ជកម្ម។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ផលប៉ះពាល់ដែលកើតឡើងពីព្រឹត្តិការណ៍ទាំងនេះទៅលើសេដ្ឋកិច្ចមានលក្ខណៈទូលំទូលាយ និងជ្រៅ ដែលបញ្ឈប់បានសកម្មភាពវិនិយោគ និងនាំឱ្យកំណើននៃការប្រើប្រាស់មានកម្រិតទាបបំផុតក្នុងរយៈពេលបីទសវត្សរ៍មកនេះ។

របាយការណ៍នេះបាននិយាយថា ការព្យាករកំណើនសម្រាប់ឆ្នាំ ២០២០ សន្មត់ថា វិធានការណ៍ទប់ស្កាត់នឹងបន្ធូរបន្ថយជាបណ្តើរៗនៅឆមាសទី២ នៃឆ្នាំនេះ ហើយសកម្មភាពសេដ្ឋកិច្ចនឹងវិលត្រឡប់មកវិញក្នុងវិស័យមួយចំនួននៃវិស័យសេដ្ឋកិច្ច។ ដោយសារការបាត់បង់ប្រាក់ចំណូល និងភាពមិនប្រាកដប្រជាខ្ពស់ ការប្រើប្រាស់ក្នុងគ្រួសារ និងការវិនិយោគឯកជន ត្រូវបានគេរំពឹងថា នៅតែមានភាពខ្សោយ។

ទោះជាយ៉ាងណា របាយការណ៍នេះបាននិយាយបន្ថែមថា ចក្ខុវិស័យកំណើនសេដ្ឋកិច្ច និងតួលេខនៃភាពក្រីក្រ ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងនៅក្នុងឆ្នាំបន្តបន្ទាប់ដែលជំរុញដោយការស្ទុះងើបនៃការប្រើប្រាស់ ការជំរុញកាន់តែខ្លាំងក្នុងការវិនិយោគសាធារណៈ ការគាំទ្រគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ និងការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក។

របាយការណ៍នេះបាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនត្រូវបានគេព្យាករថា នឹងវិលត្រឡប់មកខ្ពស់ជាង ៦ភាគរយនៅក្នុងឆ្នាំ ២០២១ និង ៧ភាគរយនៅក្នុងឆ្នាំ ២០២២ ដោយកត់សម្គាល់ថា មូលដ្ឋានគ្រឹះរឹងមាំរបស់ប្រទេសហ្វីលីពីន ដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍នៃការកែទម្រង់រចនាសម្ព័ន្ធបានជួយសេដ្ឋកិច្ចក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)