ភ្ញៀវទេសចរជាតិបានអញ្ចើញទៅទស្សនាសារមន្ទីរទាំង៣នៅខេត្តសៀមរាបជាហូរហែរច្រើនជាងភ្ញៀវបរទេស

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០៦ ២០២០៖

  ក្រោយពីបើកឲ្យដំណើរការសារមន្ទីរទាំង៣នៅខេត្តសៀមរាបឡើងវិញ ភ្ញៀវទេសចរជាតិបានអញ្ចើញទៅទស្សនាកម្សាន្តច្រើនជាងភ្ញៀវបរទេសដោយសារតែជម្ងឺកូវីដ១៩នៅតែកើតមានក្នុងប្រទេសនិងលើកពិភពលោក ។

លោក ឡុង កុសល អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា  រយៈពេលជិត១០ថ្ងៃ ក្រោយពីបើកឲ្យដំណើរការឡើងវិញ សារមន្ទីរទាំងបីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន មានដូចជា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ១៩បានធូរស្រាលបន្តិច អាជ្ញាធរសង្កត់ឃើញភាគច្រើមានតែភ្ញៀវជាតិតែប៉ុណ្ណោះ។

លោកបន្តថា ការបើកឲ្យដំណើរការឡើងវិញនេះត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់រលកទីពីរនៃការចម្លងជម្ងឺកូវីដ១៩ ដូចជា ស្កេនកំដៅ ប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងស្នើសុំឱ្យភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយមន្ត្រី-បុគ្គលិក ដែលបំពេញការងារនៅសារមន្ទីរពាក់ម៉ាស់ ព្រមទាំងរៀបចំឱ្យមានគម្លាតសុវត្ថិភាព មុននឹងចូលទស្សនាសារមន្ទីរទាំងបីស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីការពារហានិភ័យនៃការចម្លងជម្ងឺកូវីដ១៩នេះ។

« បើតាមព័ត៌មានដែលខ្ញុំទទួលបាន គឺមានភ្ញៀវចូលហូហែរដែរ ប៉ុន្តែភាគច្រើនយើងឃើញមានភ្ញៀវជាភ្ញៀវខ្មែរវិញទេ ព្រោះដោយសារ ក្នុងពេលបច្ចុប្បន្ននេះយើងពុំឃើញភ្ញៀវបរទេសអីច្រើនទេ » ។

លោក ឡុង កុសលបានបន្តថា ការចូលទស្សនាសារមន្ទីរទាំងបីនេះ គឺឥតគិតថ្លៃឡើយ ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា ដែលការប្រកាសនេះចាប់ផ្តើមពីដើមខែ មីនា ឆ្នាំ២០២០ រហូតដល់ចុងខែមករា ឆ្នាំ២០២១ ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីប្រវត្តិសាស្រ្ដ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីដល់ភ្ញៀវទេសចរគ្រប់ជាតិសាស្រ្ដបានដឹងពីកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែ មីនា អាជ្ញាធរជាតិអប្សរាបានបិទជាបណ្តោះអាសន្នសារមន្ទីរ ទាំង៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈម នឹងហានិភ័យនានា ជាពិសេសជម្ងឺកូវីដ១៩ ។ ហើយកាលពីថ្ងៃទី ០២ ខែមិថុនា អាជ្ញាធរជាតិអប្សរាក៏បានបើឲ្យដំណើរការឡើងវិញផងដែរ ៕