ប្រទេសម៉ាឡេស៊ីបើកជើងហោះហើរអន្តរជាតិឡើងវិញនៅក្នុងខែកក្កដាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​ —  ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ( MAB ) នឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញនៅក្នុងខែកក្កដាខាងមុខនេះ ខណៈដែលប្រទេសផ្សេងទៀតចាប់ផ្តើមដកការរឹតបន្តឹងព្រំដែន។

ជើងហោះហើរអន្តរជាតិរវាងទីក្រុងគូឡាឡាំពួរ និងបង់ក្លាដែស នេប៉ាល់ អង់គ្លេស ជប៉ុន  កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌូណេស៊ី ថៃ កម្ពុជា ឥណ្ឌា ចិន សិង្ហបុរី និងហ្វីលីពីន នឹងចាប់ផ្តើមវិញនៅខែកក្កដា។

ក្រុមហ៊ុនអាកាសចរណ៍នេះគ្រោងនឹងបើកជើងហោះហើរអន្តរជាតិទាំងអស់របស់ខ្លួនឡើងវិញ នៅក្នុងខែតុលា។

នាយកប្រតិបត្តិនៃក្រុមហ៊ុន MAB លោក Izham Ismail បាននិយាយថា ការបើកជើងហោះហើរអន្តរជាតិឡើងវិញដោយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញនឹងអនុញ្ញាតឱ្យក្រុមគ្រួសារបានជួបជុំជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន បន្ទាប់ពីបែកគ្នាដោយសារតែការរឹតត្បិតនៃការធ្វើដំណើរនៅក្នុងតំបន់ជាច្រើននៃពិភពលោក។

លោកបាននិយាយថា ទោះជាយ៉ាងណា អ្នកដំណើរត្រូវបានរំលឹកឱ្យពិនិត្យមើលទៅលើតម្រូវការចូល និងចេញរបស់ប្រទេសនីមួយៗ មុនពេលពួកគេធ្វើដំណើរក្នុងអំឡុងពេលដែលការរឹតបន្តឹងនៃការធ្វើដំណើរនៅតែមាននៅក្នុងប្រទេសមួយចំនួន។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានបង្កើនភាពញឹកញាប់នៃជើងហោះហើរក្នុងស្រុករបស់ខ្លួនចាប់ពីខែមិថុនា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)