ឯកឧត្តម ប្រាក់ សុវណ្ណ ទទួលជួបឯកឧត្តម ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង

AKP ព្រះវិហារ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត នៅសាលបដិសណ្ឋារកិច្ចសាលាខេត្តព្រះវិហារ ។

ក្នុងជំនួបនេះឯកឧត្តម ប្រាក់ សុវណ្ណ បានឱ្យដឹងផងដែរថា ភាគីពីរបានឯកភាពនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាយ៉ាងជិតស្និទ្ធ លើការងារពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា ការទប់ស្កាត់បទល្មើសនានាតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងការពន្លឿនការបើកច្រកទ្វារព្រំដែន រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវផងដែរ ៕ ដោយ៖ ទិត ស្រ៊