សម្តេចតេជោហ៊ុនសែនដាស់តឿនប្រជាពលរដ្ឋត្រូវបន្តកុំមើលស្រាលនិងមិនត្រូវធ្វេសប្រហែសជម្ងឺកូវី-១៩ឡើយ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​

  សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដាស់តឿនប្រជាពលរដ្ឋបន្តកុំមើលស្រាលជម្ងឺកូវី-១៩ ដោយត្រួវមានការប្រុងប្រយ័ត្នចំពោះជំងឺដ៏កាចសាហាវនេះតាមរយៈការថែរក្សាសុខភាពអោយបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។

តាមផេកហ្វេសប៊ុករបស់សម្តេចតេជោហ៊ុនសែនបានឲ្យដឹងថាជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។

សម្តេចតេជោបញ្ជាក់ថា ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។

តាមរយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ ២១៦ ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ ៧,០៣៩,៩១៨នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ៤០៤,៣៩៩ នាក់ដែរ។

សម្តេចតេជោបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។ សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានចម្ងល់ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕