កម្ពុជាស្នើឱ្យភាគីចិន ពិនិត្យសំណើសុំនាំចូលផលិតផលមៀនប៉ៃលិន ទឹកមាត់ត្រចៀកកាំ ធុរ៉េន ម្រេច និងផលិតផលផ្សេងទៀត បន្ទាប់ពីផ្លែស្វាយស្រស់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឱ្យភាគីចិន ពិនិត្យសំណើសុំនាំចូលផលិតផលមៀនប៉ៃលិន ម្រេច ធុរ៉េន ក្រូចថ្លុង ទឹកមាត់ត្រចៀកកាំ និងផលិតផលផ្សេងទៀតរបស់កម្ពុជា បន្ទាប់ពីចិនបានយល់ព្រមឱ្យធ្វើការនាំចេញ​ផ្លែ​ស្វាយ​ស្រល់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ធ្វើឡើង​ក្នុងពិធី​ចុះ​ហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំ​ចេញ​ផ្លែ​ស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” រវាងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន ដែលធ្វើឡើងរវាងឯកឧត្តម វេង សាខុន រដ្ឋ​មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋ​ទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃព្រឹក​ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម វេង សាខុន បានអបអរសាទរចំពោះសមិទ្ធផលថ្មីមួយ​ទៀតដែលអគ្គ​នាយក​​ដ្ឋានកសិកម្ម និងអគ្គរដ្ឋបាលគយចិន រួមជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឱ្យ​សម្រេច​​បានក្នុងការ​នាំចេញផ្លែស្វាយស្រស់ពីកម្ពុជានៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម​បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែល​បាន​ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើន​កូតានាំចូលអង្ករកម្ពុជាដល់៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបាន​អនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លាន​តោនក្នុង១ឆ្នាំ។

ឯកឧត្ដមបានអះអាងថា កម្ពុជា និងចិនបាននិងកំពុង​ពិភាក្សាអំពី​ នីតិវិធីនិងលក្ខខណ្ឌតម្រូវ និងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័ត​លើឯក​សារសំណើនាំចេញ ម្រេច មៀនប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយ​កិច្ច​ការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា តាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារ​នៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករ​នឹងទទួលបានពីពិធីសារដ៏មានសារៈសំខាន់មួយនេះ។ ក្រៅពីនេះ វិស័យផលិកម្មស្វាយ​ស្រស់ នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេស នឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញ លេញ​គ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុង មានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួតប្រជែង ប្រកបដោយកិត្ដិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។

ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិតប្រចាំ​នៅ​កម្ពុជា​បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិ​ការ​រវាង​ប្រទេសទាំងពីលើគ្រប់វិស័យ ក្នុងនោះ វិស័យកសិកម្ម បាននិងកំពុងបន្តពង្រឹង និង​ពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន។ ឯកឧត្ដមបានបន្ដថា ក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ នឹងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។

ឯកឧត្ដមឯកអគ្គរដ្ឋទូត​បានបន្ដទៀតថា  ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹង​ជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរ​ឡើង វិញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់​ចុះគួរឱ្យកត់សម្គាល់។

ឯកឧត្តមឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹម និងជឿជាក់ថា តាមរយ:ពិធីសារនេះ វិនិយោ​គិន​ក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការ​នឹងចាប់យកកាលានុវត្ត​ភាព​ស្របតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បី​បង្កើនផលិតភាពផលិតផលកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណ​តម្លៃ​ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ព្រមទាំងការ​នាំ​ចេញផលិតផលកសិកម្មផ្សេងៗទៀត នឹងកើតមានឡើងជាបន្តបន្ទាប់។

សូមរម្លឹកផងដែរថា តាមរយ:ការចរចាលើឯកសារពិធីសារនេះដែលបានចាប់ផ្តើម តាំងពី​ឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំ ឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជី សមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។

ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ និង មន្រ្តីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេស លើការដាំដុះ ការប្រមូលផលនៅចម្ការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់ លើការធ្វើអនាម័យ និងភូតគាមអនាម័យ(SPS)។ ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិ ការពេញលេញ យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងយូរង្វែង ដើម្បីប្រយោជន៍របស់​ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ការសម្រេចអនុម័ត​ចុះ​ហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែ​ស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” នាពេលនេះ។

យោងតាមតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ឱ្យ​ដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបាន​ទទួលពាក្យស្នើ​សុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេស​ចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១, ២៨៦ហិកតា។ បន្ទាប់ពី​ពិធីសារនេះចូលជាធរមាន អគ្គនាយកដ្ឋានកសិកម្ម នឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការ​ស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីភាគីចិនចុះមកវាយតម្លៃ បញ្ចប់មុនឈាន ដល់ការនាំចេញបានជាផ្លូវការ។

ឯកឧត្ដម វេង សាខុន បានបង្ហាញឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ ផ្ទៃដីដាំដុះស្វាយ នៅកម្ពុជាមានចំនួន១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន ៩១,៣៩៨​ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥,៨៥តោន ក្នុង១ហិកតា និងក្នុង១រដូវ ដែល​ជា​មធ្យមកម្ពុជា អាចមានផលិតផលស្វាយស្រស់ប្រមាណជា១,៤៤៨,៦៧៧តោន ក្នុង១រដូវ។ ឯកឧត្ដមបានថ្លែងបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបាន​អភិរក្ស​នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជ​ស្វាយ​កម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះមានលក្ខណៈពិសេស​ដែល​​អាចបរិភោគបានតាំងពីខ្ចី ចំណាស់ និងរហូតដល់ទុំ៕ ដោយ៖រិទ្ធី