រដ្ឋបាលខេត្តព្រះសីហនុគ្រោងសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកសាធារណៈជាង២០កន្លែង នៅតាមបណ្តោយឆ្នេរសមុទ្រ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ០៩ ០៦ ២០២០៖

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកសាធារណៈជាង២០កន្លែងនៅតាមបណ្តោយឆ្នេរសមុទ្រដើម្បីបំរើដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកលេងទឹកសមុទ្រ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងគិតគូរក្នុងការសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកសាធារណៈ ជាង២០កន្លែង នៅតាមឆ្នេរជាង៩គីឡូម៉ែត្រ ដើម្បីឆ្លើយតបនិងតំរូវការរបស់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរមានបន្ទប់ទឹកប្រើប្រាស់ត្រឹមត្រូវរួមទំាងបន្ទប់ងូតទឹកជម្រះកាយក្រោយងូតទឹកសមុទ្ររួច ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានបញ្ជាក់ថា ដោយសារខ្វះថវិការក្នុងការសាងសង់ បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានត្រឹមរៀបចំប្រព័ន្ធលូកាត់ថ្នល់ទុកជាមុនតែប៉ុណ្ណោះ ដើម្បីយ៉ាងណាពេលសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកសាធារណៈ កុំកាត់ថ្នល់និងរៀបចំប្រព័ន្ធកុំឲ្យទឹកកខ្វក់ទាំងនោះហូរចូលសមុទ្រ ។
« អញ្ចឹងអាបន្ទាប់ទឹកសាធារណៈនេះ នៅតាមបណ្តោយឆ្នេរនេះដោយសារទាក់ទងនិងនិតិវិធីហិរញ្ញវត្ថុ យើងមិនអាចគិតឥលូវធ្វើឥលូវបានទេ អញ្ចឹងវាត្រូវរៀបក្នុងផែនការចំណាយហិរញ្ញវត្ថុរបស់យើង អញ្ចឹងចំពោះមុខបានត្រឹមតែតលូដូចបញ្ជាក់ជូនអញ្ចឹងតែកុំឲ្យថ្ងៃក្រោយ ថាថ្ងៃមុនធ្វើលូទៅវាចូលឆ្នេរដល់ឥលូវវាអភិវឌ្ឍន៍វាចូលឆ្នេរទៀត ។ តែឥលូវយើងធ្វើឆ្នេរហើយកុំឲ្យថាមិនកប់អាងហ្នឹងដល់ថ្ងៃក្រោយកាត់ថ្នល់ក៏វាមិនកើត សម្រេចគ្នាត្រឹមតែម៉ាកប់លូទុកកាត់ថ្នល់សិន ។ ប៉ុន្តែយើងបានគ្រោងជាង២០កន្លែង ចាប់ពីឆ្នេរអូរឈើទាលទៅបានជាង២០កន្លែង »។
ឯកឧត្តម គួច ចំរើន បានឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរកំពុងគិតគូរសាកល្បងក្នុងការឌីហ្សាញបន្ទាប់ទឹកមួយកន្លែងនៅក្បែរស្ថានីយបូមទឹកអូរឈើទាល ដែលអាចមានបន្ទាប់ពី២០ទៅ៣០បន្ទាប់ ដោយមានភ្ជាប់ជាមួយកូនម៉ាតតូចមួយ មានលក់ភេសជ្ជៈគ្រឿងឧបករណ៍សម្រាប់ហែលទឹកផងដែរ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តក៏បានធ្វើការរំដោះឆ្នេរ ប្រមាណជាង៣០០កន្លែង ដោយបានធ្វើការបូមទឹកលាមកនិងកាយយកដីកខ្វក់នោះចេញផងដែរ ៕