សម្ដេច ស ខេង បញ្ជាឱ្យមន្រ្ដីក្រោមឱវាទចុះដោះស្រាយបញ្ហាភាពអសកម្មនៅក្នុងអង្គភាពរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា៖

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យមន្រ្ដីក្រោមឱវាទចុះដោះស្រាយបញ្ហាភាពអសកម្មនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបញ្ជៀសការរិះគិនពីគ្រប់មជ្ឈដ្ឋានមកលើក្រសួងមហាផ្ទៃទាំងមូល ។
ថ្លែងក្នុងកិច្ចប្រជុំផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋានក្រសួងមហផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ដំណើរការប្រមូល និងដោះស្រាយបណ្ដឹងនានា ទាំងនៅថ្នាក់ក្រសួង នៅអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអង្គភាពកងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការងារគ្រប់គ្រង ឬចាត់ចែងនានា ដែលក្រសួងមានយន្តការពីរក្នុងការដោះស្រាយ គឺដោះស្រាយដោយអគ្គារធិការ ឬដោះស្រាយដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានដែលមានការពាក់ព័ន្ធ។
សម្តេចក្រឡាហោមបានណែនាំឱ្យមន្រ្ដីពាក់ព័ន្ធត្រូវមានក្រុមការងារច្បាស់លាស់ ដើម្បីតាមដានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមអំពីភាពអសកម្មនៅក្នុងអង្គភាពនីមួយៗ សម្រាប់ធ្វើជាបញ្ជីបញ្ហា ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យអស់ ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា អង្គភាពនីមួយៗត្រូវគ្រប់គ្រងសភាពការណ៍ផ្ទាល់របស់ខ្លួន ដូចជាការរិះគន់ ឬការប្រតិកម្មនានា ដើម្បីមានវិធានការណ៍ដោះស្រាយឱ្យបានជាក់លាក់ និងទាន់ពេលវេលា។
សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនេះ ដែលព័ត៌មានពីប្រភពទាំងនេះ ក៏មានខ្លះជាព័ត៌មានពិត មិនត្រូវមើលរំលងឡើយ ជាក់ស្ដែងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច បានធ្វើឱ្យសម្ដេចទទួលព័ត៌មានជាច្រើនពីមហាជន តាមរយៈប្រអប់សារ និងប្រអប់បញ្ចេញមតិ ដែលត្រូវបានប្រមូលចងក្រងដោយក្រុមការងារហ្វេសប៊ុក។
សម្ដេចបានមានបន្ដថា កន្លងមកក្រុមការងារហ្វេសប៊ុកបានបញ្ជូនព័ត៌មានស្ដីអំពីបញ្ហាប្រឈម ឬភាពអសកម្មនានាមថា មានបញ្ហាខ្លះក៏ត្រូវបានដោះស្រាយ ប៉ុន្តែអង្គភាពពាក់ព័ន្ធនោះ នៅមិនទាន់បានដោះស្រាយនៅឡើយទេ ដោយសារអាចមិនទាន់មានយន្តការជាក់លាក់។
សម្ដេចក្រឡាហោមបានបន្តថា«ការប្រមូលរឿង គឺប្រកាន់គោលការណ៍ប្រមូលរឿងឱ្យអស់ ហើយត្រូវដោះស្រាយឱ្យអស់ ពោលគឺព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ គឺយើងត្រូវខិតខំប្រមូលឱ្យអស់ ហើយដោះស្រាយឱ្យអស់ ទោះបីតាមប្រភពណាក៏ដោយ គឺមិនត្រូវទុកឱ្យរឿងទាំងនោះនៅសេសសល់ឡើយ»។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានណែនាំមន្រ្តីទាំងពីរក្រុមនេះ ប្រកាន់នូវយុត្តិធម៌ និងភាពមិនលម្អៀង ពីព្រោះការស្រាវជ្រាវទាំងឡាយណាដែលមានភាពលម្អៀង នឹងមិនអាចរកយុត្តិធម៌ឃើញឡើយ ហើយបញ្ហាអយុត្តិធម៌នេះ គឺមិនអាចមើលស្រាលបានឡើយ ទោះក្នុងសង្គមណាក៏ដោយ។ ដូច្នេះមន្ត្រីទទួលបានប្រាក់ខែរដ្ឋ ត្រូវប្រកាន់គោលការណ៍បំរើប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ទើបអាចបញ្ចៀសភាពអសកម្ម ភាពមិនប្រក្រតី និងអយុត្តិធម៌បាន៕