កម្ពុជាអាចនាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់ចាប់ពីពេលនេះទៅក្នុងរង្វង់៥០ម៉ឺនតោនក្នុងមួយឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ស្រីផល09.06.2020៖

ក្រសួងកសិកម្មបានសហការជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើពិធីសារផ្លូវការនាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់ ដើម្បីជួយដោះ ស្រាយទីផ្សារស្វាយរបស់ប្រជាកសិករកម្ពុជាកុំអោយជន់ជោរ ឬសល់ចោលដោយគ្មានអ្នកទិញ។
ក្នុងពិធីចុះហត្ថលេខានោះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិននេះ នឹងមាន ប្រយោជន៍យ៉ាងខ្លំាងសម្រាប់អ្នកប្រកបរដាំស្វាយដោយពុំសូវបារម្ភពីការខ្វះខាតទីផ្សារទៀតឡើយ ខណៈ ដែលផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។
ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខាលើពិធីសារ នាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។
សម្លេង៖ ខ្ញុំគិតថាជាកិត្តិយសរបស់កម្ពុជា ដែលយើងមិននឹកស្មានថា យើងបានឈានទៅដល់ចំណុចនេះ ដែលលទ្ធផលរបស់យើងក្រៅអំពីដែលយើងបានស្នើសុំ ដូចជាដំឡូងមី ស្វាយចន្ទី អង្គរ ចុងអង្ករ ផ្លែចេក ហើយយើងធ្វើបានជោគជ័យកន្លងទៅ យើងឃើញថាដូចអ្វីដែលឯកឧត្តមអគ្គរាជទូត ដូចជារូបខ្ញុំផ្ទាល់ បាននិយាយអំពីវឌ្ឍនភាពនៃការនាំចេញបានល្អប្រសើរ ដូច្នេះស្វាយនៅពេលខាងមុខ ក៏ចូលរួមចំណែកដល់ការចូលរួមក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់កម្ពុជានៅពេលខាងមុខ។ ខ្ញុំសូមជម្រាបជូនផងដែរថា មិនមែនមានតែប៉ុន្មានមុខនេះទេ ដែលយើងបាននាំចេញកន្លងទៅ តាមរបាយការណ៍ច្រកចេញចូលតែមួយរបស់កម្ពុជា យើងឃើញថាមានផលិតផលជាច្រើន ប្រមាណជា៣៤មុខ ដែលបាននាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែនៅក្នុងឆ្នាំនីមួយៗ គឺមានចំនួនតិច ដែលខ្ទង់កម្រិតមួយ២០ទៅ២៤មុខតែប៉ុណ្ណោះ ដែលវាចល័តទៅវិញទៅមក ដោយសេចក្តីត្រូវការបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្នកម្ពុជាផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបានជាង១៥តោន ក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ។
ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា គឺជាប្រភេទពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះ មានលក្ខណៈពិសេស ដែលអាចបរិភោគបានតាំងពីខ្ចីនិងរហូតដល់ទុំ។
សូមជម្រាបថា នេះជាជោគជ័យលើកទី២ហើយ លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ខណៈ ជោគជ័យលើកទី១ គឺការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន៕