អគ្គស្នងការនគរបាលជាតិ ជំរុញដល់ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងប្រសិនបើឃើញមន្រ្តីអនុវត្តច្បាប់ណាមួយ អនុវត្តខុសពីការកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០៩.៦.២០២០៖

អគ្គស្នងការនគរបាលជាតិជំរុញដល់ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងប្រសិនបើឃើញមន្រ្តីអនុវត្តច្បាប់ណាមួយអនុវត្តខុសពីការកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យមន្រ្តីនោះទទួលទោស តាមផ្លូវច្បាប់។
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគបាលចរាចរណ៍ផ្លូវគោគនិងសណ្តាប់ធ្នាប់សារធារណៈនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាអគ្គស្នងការនគរបាលជាតិបានបន្តពង្រឹងការងារសន្តិសុខសុវត្ថិភាពនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងចុះរឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសគឺដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា ក្រុមការងារអគ្គស្នងការនគរបាលជាតិ តែងតែតាមដានខំមិនរបស់ប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ នៅលើគេហទំព័ររបស់ខ្លួន ដើម្បីចាត់វិធានការណ៍និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ធ្វើយ៉ាងណាធានាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អនិងឆាប់រហ័ស។
«នគរបាលមួយចំនួនមិនគោរពតាមការកំណត់ក្នុងច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក គឺអនុវត្តឲ្យលើសអ្វីដែលបានកំណត់ក្នុងច្បាប់។ បើមិនអនុវត្តតាមបទបញ្ជានិងការណែនាំរបស់អគ្គស្នងការនគរបាលជាតិហើយកន្លងមកមានការដាក់ទោសទណ្ឌ រួចមកហើយនៅក្នុងខែឧសភាទៅនេះជាក់ស្តែង យើងបានដាក់វិន័យទៅលើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចំនួន៥នាក់ក្នុងនោះមានការព្យួរការងារខ្លះ និងដកហូតតួនាទីក៏ដកហូតអន្តរស័ក្កមួយចំនួនផងដែរ។ ប៉ុន្តែតាមរបាយការណ៍យើងបានអនុវត្តវិន័យមន្ត្រីនគរបាលចំនួន ៥នាក់ក្នុងខែឧសភានេះដែលមានភាពអសកម្មមិនគោរពតាមការណែនាំរបស់អគ្គនគរបាលជាតិ។ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់រាយការណ៍មកអគ្គស្នងការនគរបាលជាតិក្នុងករណីយើងឃើញ ភាពអសកម្មរបស់មន្ត្រីអនុវត្តច្បាប់របស់ខ្ញុំតាមរយៈទូរស័ព្ទទាន់ហេតុការណ៍ ១១៧ មានមន្ត្រីជំនាញ រង់ចាំទទួល ២៤ ម៉ោងឬក៏អាចប្ដឹងតាមផេកនៅក្នុងបណ្ដាញសង្គម facebook របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈដែលមានមន្ត្រីច្រើនរង់ចាំ នឹងទទួលយកសំណូមពរទាំងឡាយដែលប្រជាពលរដ្ឋចូលមើលខំមិនឬសរសេរសារផ្សេងៗនៅក្នុង page របស់យើងខ្ញុំ»។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារប្រព័ន្ធHotline ដើម្បីឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ទៅកាន់មន្ត្រីជំនាញចរាចរណ៍តាមរយៈប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ពាក់ព័ន្ធ នឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋអាច ហៅមកទូរស័ព្ទ ១១៧ បើមានចម្ងល់ពាក់ព័ន្ធ និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕