លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះចៅអធិការវត្ត ស្រះចក រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូបថត៖ ខឹម សុវណ្ណារ៉ា ០៩ មិថុនា ២០២០៖

លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះចៅអធិការវត្ត ស្រះចក រាជធានីភ្នំពេញ មុនពិធីបុណ្យចូលព្រះវស្សាដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
លោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួង បាននាំយកនូវបច្ច័យ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃគង់នៅទីអារាមវត្ត វិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីទុកសំរាប់ប្រើប្រាស់នៅពេលចូលព្រះវស្សាដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង ពុទ្ធិកសិក្សាជាតិ ជាសមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្ត វិមានតេជះ ហៅវត្តស្រះចក បានសំដែងការអរគុណយ៉ាងជ្រាលជ្រោចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន និងលោកជំទាវ ជុំ សាមីន កែប ជុតិមា ដែលបាននាំនូវទេយ្យទាន និងបច្ច័យ មកប្រគេនដល់ព្រះសង្ឃ ជាពិសេសបច្ច័យសម្រាប់ចូលរួមកសាងព្រះវិហារ វត្តស្រះចក ដែលកំពុងដំណើរការសាងសង់រហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ១០ខែមកហើយ ដោយសម្រេចបានប្រមាណ ៥០ភាគរយ។
សូមបញ្ជាក់ថា សម្រាប់បច្ច័យ និងទេយ្យទាន ដែលលោកជំទាវ ទេព រស្ស៊ី ខៀវ កាញារីទ្ធ នាំយកប្រគេន ដល់វត្ត វិមានតេជះ ហៅវត្តស្រះចក រួមមានបច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ២០០ ដុល្លា ព្រះសង្ឃ ៤អង្គ សរុប ៤០ម៉ឺនរៀល ប្រគេនបច្ច័យចំនួន ២លានរៀល ធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃ និងអង្ករ ៥០០ គីឡូក្រាម។
ចំពោះសមណសិស្ស និស្សិត១០០អង្គ ក្នុង១អង្គ ២ម៉ឺនរៀល លោកតា លោកយាយ គណៈកម្មការវត្ត សិស្ស រួមទាំង ចុងភៅ ចំនួន ៩៧នាក់ សរុបថវិកាចំនួន ១លាន៩សែន៤ ម៉ឺនរៀល រួមមាន សៀវភៅសរសេរ ៥០០ ក្បាល ប៊ិច ខៀវ និង ប៊ិច ក្រហម សរុប ១ពាន់ដើម ផ្លែល្មើ មីជាតិ ១០កេះធំ ទឹកសុទ្ធ ១០កេះ ទឹកសណ្តែក ១០កេះ ម៉ាស់ ៥ប្រអប់ ជែលលាងដៃ ២៥០ដប ថ្នាំដុះធ្មេញ ២៨៨ ប្រអប់ ។
ដោយឡែកសម្រាប់បច្ច័យចូលរួម កសាងព្រះវិហារថ្មី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំងបុត្រ ចំនួន ៥ ពាន់ ដុល្លាអាមេរិក។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តី នៃក្រសួងព័ត៌មាន និងលោកជំទាវ ជុំ សាមីន កែប ជុតិមា ក៏បានចូលរួមបច្ច័យកសាងសរុបជារួម ចំនួន ៣លាន ៧សែន ៣ម៉ឺនរៀល និង ៦០០ដុល្លាអាមេរិក ផងដែរ៕