រដ្ឋបាលស្រុកបន្ទាយស្រី កំពុងកំណត់ទីតាំងស្តារនិងដាំដើមឈើឡើងវិញក្នុងបរិវេណតំបន់ឧទ្យានជាតិជើងភ្នំគូលែន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 10.06.2020 ៖

រដ្ឋបាលស្រុកបន្ទាយស្រី កំពុងកំណត់ទីតាំងស្តារនិងដាំដើមឈើឡើងវិញ ក្នុងបរិវេណតំបន់ឧទ្យានជាតិជើងភ្នំគូលែន ដោយសារដើមឈើនៅតំបន់នេះត្រូវបានបាត់បង់ស្ទើរទាំងស្រុង ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា តំបន់ឧទ្យានជាតិជើងភ្នំគូលែនបានបាត់បង់ព្រៃឈើ ដោយសារការ អាស្រ័យផល ការកាប់ទន្ទ្រានយកឈើ និងទន្ទ្រាន វាតទីដុតយកដី ដើម្បី យកធ្វើជាកម្មសិទ្ធ របស់ជនខិលខូចមួយចំនួន។
លោកបានបន្តថា ការកំណត់ទីតាំងស្តារនិងដាំដើមឈើឡើងវិញនេះ មានការសហការពីក្រសួងបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងអង្គការពាក់ពន្ធ័មួយចំនួនទៀត បាននឹងកំពុងសិក្សាពីការដាំដើមឈើប្រណិតមានរយៈពេលវែងក្នុងតំបន់ឧទ្យានជាតិជើងភ្នំគូលែន ដែលមានផ្ទៃដីសរុបប្រមាណជិត១០០០ហិកតា ។ប៉ុន្តែជំហានដំបូងនេះ គឺកំណត់យកទីតាំងសំខាន់ៗជាមុនសិន ព្រោះការដាំនេះមានលក្ខណៈពិសេសខុសពីការដាំធម្មតាត្រង់ថា មានទាំងការដាំផងនិងថែរក្សាផង ដែលមានកញ្ចប់ថវិកាប្រមាណ១០ម៉ឺនដុល្លារ សំរាប់ចំណាញទៅលើការទិញកូនឈើ ចំណាយលើថ្លៃកំលាំងពលកម្មរបស់កម្មករ ទាំងការដាំនិងការថែទាំរយៈពេលវែង ។
សំឡេង ៖ បច្ចុប្បន្ននេះរដ្ឋបាលស្រុកជាមួយនឹងក្រសួងបរិស្ថាន ទទួលបានការពិចារណាឲ្យរៀបចំ ដោយសារមានការគាំទ្រពីអង្គការUNDPផងនិងអង្គការមួយចំនួនទៀត ទៅលើការរៀបចំស្ដាយនិងដាំដើមឈើឡើងវិញនៅក្នុងបរិវេណភ្នំគូលែន ដោយសារសម្រាប់ភ្នំគូលែន គឺមានលក្ខណៈពិសេសដោយសារវាគឺជាប្រភពក្បាលទឹកផ្គត់ផ្គង់ទៅកាន់ស្ទឹងទន្លេតែមួយផង រដ្ឋបាលស្រុកបានធ្វើការងារច្រើន ដើម្បីការពារតំបន់ក្បាលជុក តំបន់ដែលមានព្រៃឈើពីព្រោះបើសិនជានៅពេលយើងអស់ជុក អស់ព្រៃឈើ គឺយើងមិនមានទឹកគ្រប់គ្រាន់ ហើយស្ទឹងសៀមរាបនឹងប្រឈមមុខនឹងការខ្វះខាតគ្មានទឹក ហើយដែលបើសិនជាបន្ទាយស្រីខ្វះទឹក វានឹងជះឥទ្ធិពលដល់ការខ្វះទឹកនៅក្នុងតំបន់ប្រាសាទ ហើយការខ្វះទឹកនេះ គឺអាចជះហានិភ័យទៅដល់គ្រឹះប្រាសាទផងដែរ បើយើងដឹងហើយថាប្រាសាទរបស់យើងទូទៅ គឺប្រើប្រាស់ទឹកអញ្ចឹងមិនអាចខ្វះខាតទឹកបានទេ ហើយបើខ្វះគឺមិនអាចមានកម្លាំងទ្រទ្រង់គ្រឹះប្រាសាទបាននោះទេ ។
លោកអភិបាលស្រុកបន្ទាយស្រី ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់ ដោយការចាញ់ការបោកបញ្ឆោតអោយទិញដីនិងសំណង់ នៅក្នុងតំបន់ឧទ្យានជាតិនិងតំបន់ជើងភ្នំគូលែន ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន ទោះក្នុងតម្លៃទាបយ៉ាងណាក៏ដោយ គឺរដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយនោះឡើយ ។ សំរាប់ជនណាដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ជាធរមាន ៕