ខេត្តព្រះសីហនុបើទោះបីមានរោងចក្រមួយចំនួនសុំព្យួរការងារដោយសារជម្ងឺកូវីដ១៩ក៏ដោយ ប៉ុន្តែ បណ្តារោងចក្រមួយចំនួនទៀតបានបន្តការងារនិងសុំបន្ថែមម៉ោងធ្វើការ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖អភិបាលខេត្តព្រះសីហនុបានបានឲ្យដឹងថា ខេត្តព្រះសីហនុបើទោះបីមានរោងចក្រមួយចំនួនសុំព្យួរការងារដោយសារជម្ងឺកូវីដ១៩ក៏ដោយ ប៉ុន្តែបណ្តារោងចក្រមួយចំនួនទៀតបានបន្តការងារនិងសុំបន្ថែមម៉ោងធ្វើការដែលនេះជាការជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា នៅខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០កន្លែង ប៉ុន្តែបច្ចុប្បន្ននេះដំណើរការបាន៤កន្លែងតែប៉ុណ្ណោះដោយ រោងចក្រមួយចំនួនបានបិទទ្វារដោយសារខ្វះវត្ថុធាតុដើម ដែលបណ្តាលមកពីវិបត្តិជម្ងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសទំាង៤កន្លែង ដែលកំពុងតែដំណើរការនោះកំពុងតែសម្រុកការងារផលិតរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុកនិងការនាំចេញទៅក្រៅប្រទេស ហើយអាជ្ញាធរក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែមផងដែរ ។
សំឡេង « បើទោះបីជាបញ្ហាកូវីដ បានប៉ះពាល់មកដល់ពេលនេះ ឃើញថាមានការប្រឈមខ្លះ គឺមានរោងចក្រត្រឹមតែជាង២០ប៉ុណ្ណោះ ដែលបានសុំព្យួរការងារ ហើយមានប៉ះពាល់ដល់កម្មករការងារក្នុងនៅក្នុងរង្វង់ជា៤ពាន់នាក់ក៏ប៉ុន្តែយើងនៅតែបានឃើញថាបណ្តារោងចក្រមួយចំនួនសុំថែមម៉ោងអញ្ចឹង មានន័យថាគាត់នៅមានសមត្ថភាពផលិតកន្លែងខ្លះ ដែលគាត់នៅមានការបញ្ជាទិញកន្លែងខ្លះដែលគាត់មានវត្ថុធាតុដើមគាត់ត្រូវការដើម្បីផ្គត់ផ្គង់ ។ ហើយយើងវាល្អមួយដែរដែលខេត្តព្រះសីហនុមានរោងចក្រមួយគាត់ផលិតសម្ភារៈសុខាភិបាល អញ្ចឹងសម្ភារៈសុខាភិបាលនេះវាកំពុងតែពេញនិយម អញ្ចឹងគឺយើងបានទាំងលើកទឹកចិត្ត ដើម្បីឲ្យពួកគាត់បង្កើននៅការផលិតវាបានរួមចំណែកដើម្បី ផ្តល់ឲ្យសុខមាលភាពដល់ប្រជាពលរដ្ឋបើទោះបីថានៅក្នុងស្រុករឺនៅក្រៅស្រុក ប៉ុន្តែជាការជួយទៅដល់ ការការពារសម្រាប់មនុស្សជាតិរបស់យើង ដែលយើងបានខិតខំលើកទឹកចិត្តឲ្យក្រុមហ៊ុនមួយនេះផលិតចុះ បើគាត់ផលិតបានកាន់តែច្រើនវានិងធ្វើឲ្យតម្លៃសម្ភារៈបរិក្ខាសុខាភិបាលវាមិនឡើងថ្លៃទាំងក្នុងស្រុកនិងក្រៅស្រុកពិតជាបានរួមចំណែកដើម្បីការពារនៅសុខាមាលភាពមនុស្សជាតិទូទៅ »។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុមានរោងចក្រសហគ្រាសប្រមាណជាង ១៣០០រោងចក្រ ក្នុងនោះរោងចក្រចំនួន ២១៧ សហគ្រាសធុនតូចនិងមធ្យមប្រមាណ ១១០០កន្លែង និងមានកម្មករប្រមាណជាង៩៥០០ នាក់ ៕