កម្ពុជា និងចិនចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់

វិទ្យុជាតិកម្ពុជា លោកចេម ហួត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី០៩ ខែមីថុនា ឆ្នាំ២០២០បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន ។

ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម វេង សាខុនបានឲ្យដឹងថា ផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ ដែលនេះជាជោគជ័យលើកទី២ លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បញ្ជាក់ថា បន្ទាប់ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។ ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន ដោយផ្ទាល់នេះ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរផងដែរ។
ឯកឧត្តម រដ្ឋមន្ដ្រីកសិកម្ម បានឱ្យដឹងថា តាមស្ថិតិចុងក្រោយនាឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥.៨៥តោនក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ។ ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះ មានលក្ខណៈពិសេស ដែលអាចបរិភោគបានតាំងពីខ្ចី និងរហូតដល់ទុំ។  ក្រៅពីផ្លែស្វាយនេះ កម្ពុជា ក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ដោយផ្ទាល់ ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក
សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ បាន ៤៤,០៩៩ តោនកើនឡើង ប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ៕