ការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅតែបន្តដោយសន្តិភាព បន្ទាប់ពីលោក ត្រាំ បញ្ជាឱ្យដកឆ្មាំការពារជាតិចេញ  

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០​ — អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា ការធ្វើបាតុកម្មតវ៉ានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលផ្ទុះឡើងដោយសារការស្លាប់របស់បុរសជនជាតិអាមេរិកកាំង អាហ្វ្រិក លោក George Floyd ដោយសារមន្ត្រីប៉ូលិស គឺនៅតែបន្តដោយមានសន្តិភាព បើទោះបីជាមានបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឱ្យដកកងកម្លាំងបម្រុងយោធារបស់ឆ្មាំជាតិចេញពីទីក្រុងនេះក៏ដោយ។

កម្លាំងឆ្មាំជាតិបានធ្វើការយ៉ាងសកម្មនៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានភាពវឹកវរដែលបានកើតឡើងបន្ទាប់ពីការតវ៉ាប្រឆាំងនឹងការប្រើអំពើហិង្សារបស់មន្រ្តីប៉ូលិស និងការរើសអើងជាតិសាសន៍។ កាលពីថ្ងៃសៅរ៍ យើងបានកត់សម្គាល់នូវអ្វីដែលអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik ហៅថា ថ្ងៃនៃការតវ៉ាដ៏ធំបំផុតដែលមិនធ្លាប់មាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៃទីក្រុងនេះដោយប្រមូលផ្តុំគ្នានៅជិតវិមានអនុស្សាវរីយ៍ Lincoln និងសេតវិមាន ហើយដើរក្បួនកាត់ Capitol  និងក្រសួងការបរទេស។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបញ្ជាឱ្យកងកម្លាំងឆ្មាំជាតិដកខ្លួនចេញពីទីក្រុងនេះ បន្ទាប់ពីបញ្ឈប់ការតវ៉ាកុំឱ្យមានការកើនឡើងបន្ថែមទៀត។

អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា ការធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងក្នុង លក្ខណៈស្ងប់ស្ងាត់ជាងមុន បន្ទាប់ពីភាពតានតឹងកាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីប៉ូលិសនៅទីក្រុង វ៉ាស៊ីនតោន ដោយត្រូវបានជំនួសដោយមន្រ្តីឆ្មាំជាតិ។ ក្រុមកុប្បកម្មភាគច្រើនត្រូវបានរុញច្រានឱ្យត្រឡប់ក្រោយដោយក្រុមបាតុករសន្តិភាព៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)