ក្រសួងការបរទេសចិនទទូចដល់សហរដ្ឋអាមេរិក ឱ្យចៀសវាងការសាកល្បងអាវុធនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន នឹងបោះបង់ចោលផែនការដើម្បីអនុវត្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។

អ្នកការទូតចិនរូបនេះបានចង្អុលបង្ហាញថា «យើងបានទទូចថា សហរដ្ឋអាមេរិកគួរតែគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ … ហើយយើងសង្ឃឹមថា គេនឹងស្តាប់សហគមន៍អន្តរជាតិ»។ លោកស្រីបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលផែនការដែលអាចបំផ្លាញស្ថិរភាព និងសណ្តាប់ធ្នាប់សកលលោក។

លោកស្រី Hua Chunying បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយ ម្តងទៀតដល់ទីក្រុងវ៉ាស៊ីនតោន ឱ្យបោះបង់ចោលការប៉ុនប៉ងធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបាននិយាយថា សហរដ្ឋអាមេរិកត្រូវការការចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីធានានូវការដកហូតអាវុធ និងការមិនរីកសាយអាវុធនៃការបំផ្លាញទ្រង់ទ្រាយធំ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានសរសេរនៅថ្ងៃទី២២ ខែឧសភា ថា «រដ្ឋបាលរបស់លោក ត្រាំ បានពិភាក្សាថា តើត្រូវធ្វើការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរលើកដំបូងរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៩២ ឬយ៉ាងណា»។ បញ្ហានេះបានកើតឡើងនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់តំណាងទីភ្នាក់ងារសន្តិសុខជាតិកំពូលៗ កាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីមានការចោទប្រកាន់ពីមន្រ្តីរដ្ឋបាលថា ប្រទេសរុស្ស៊ីនឹងចិនកំពុងធ្វើ        តេស្តអាវុធនុយក្លេអ៊ែរចម្ងាយជិត ដែលការអះអាងនេះមិនត្រូវបានបញ្ជាក់ដោយភ័ស្តុតាងណាមួយដែលអាចរកបានជាសាធារណៈនោះទេ ហើយកាសែតនេះបាននិយាយបន្ថែមថា ប្រទេសទាំងពីរបានបដិសេធចំពោះការចោទប្រកាន់នេះ»។ យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បាននិយាយថា «កិច្ចប្រជុំមិនបានបញ្ចប់ដោយមានកិច្ចព្រមព្រៀងណាមួយដើម្បីធ្វើការសាកល្បងនោះទេ ប៉ុន្តែមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា សំណើនេះ «គឺជាការសន្ទនាដែលកំពុងបន្ត»។ សារព័ត៌មានការពារជាតិបានរាយការណ៍នៅពេលក្រោយមកដោយបានដកស្រង់សម្តីរបស់លោក Drew Walter ដែលកំពុងបំពេញមុខងារជាឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកសម្រាប់បញ្ហានុយក្លេអ៊ែរថា «ការធ្វើតេស្តលឿនមួយជាមួយនឹងការធ្វើការវិនិច្ឆ័យមានកំណត់» អាចនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានខែនេះ ប្រសិនបើមានបញ្ជាពីប្រធានាធិបតីសហរដ្ឋអាមេរិក៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)