កងទ័ពចិននឹងឥណ្ឌាយល់ព្រមធ្វើការបង្កានូវការកើនឡើងនៃជម្លោះព្រំដែន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០​ –កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា កងកម្លាំងប្រដាប់អាវុធចិន និងឥណ្ឌា បានឯកភាពគ្នាក្នុងអំឡុងពេលនៃកិច្ចចរចាចុងសប្តាហ៍របស់ពួកគេ ដើម្បីចៀសវាងការបង្វែរបញ្ហាព្រំដែនរបស់ពួកគេទៅជាជម្លោះ និងរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ភាគីទាំងពីរបានពិគ្រោះយោបល់គ្នាទៅលើការដោះស្រាយព្រឹត្តិការណ៍ថ្មីៗនៅតាមព្រំដែន និងបញ្ហាទៅលើការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន»។

លោកស្រីបាននិយាយបន្ថែមថា ទីក្រុងប៉េកាំង និងទីក្រុងញូវដេលី កំពុងរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈបណ្តាញយោធា និងការទូត។

លោកស្រី Hua បាននិយាយថា «ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ស្តីពីវិធីអនុវត្តការមូលមតិគ្នាដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ និងការពារការប្រែក្លាយការខ្វែងគំនិតគ្នាទៅជាជម្លោះ ព្រមទាំងដើម្បីរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន ក៏ដូចជាបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់ទ្វេភាគី»។

ការប៉ះទង្គិចគ្នារវាងឆ្មាំព្រំដែនឥណ្ឌានឹងចិនបានកើតឡើងនៅក្នុងខែឧសភា ក្នុងតំបន់ក្បែរបឹង Pangong ដែលស្ថិតនៅក្នុងតំបន់ Ladakh ដែលជំរុញឱ្យភាគីទាំងពីរបង្កើនវត្តមានយោធារបស់ខ្លួននៅទីនោះ។

កាលពីថ្ងៃទី៦ ខែមិថុនា លោកឧត្តមសេនីយ៍ឯក Harinder Singh មេបញ្ជាការអង្គភាពទី១៤ នៃកងទ័ពឥណ្ឌា បានជួបជាមួយឧត្តមសេនីយ៍ឯក Lin Liu នៃក្រុមកងទ័ពរំដោះប្រជាជនចិននៅតំបន់យោធាXinjiang ភាគខាងត្បូង ដើម្បីពិភាក្សាអំពីស្ថានភាពនេះ។ យោងតាមក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយបញ្ហានៅតាមព្រំដែនដោយសន្តិវិធី និងបន្តទំនាក់ទំនងយោធានិងការទូត។

ជម្លោះនៅតាមព្រំដែន គឺជាការប្រកួតប្រជែងជាអចិន្ត្រៃយ៍នៃទំនាក់ទំនងឥណ្ឌា – ចិន ព្រោះប្រទេសទាំងនោះមិនមានព្រំដែនដែលត្រូវបានគេសម្គាល់ទេ ប៉ុន្តែជាអ្វីដែលគេហៅថា បន្ទាត់ត្រួតពិនិត្យជាក់ស្តែង ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមនៅឆ្នាំ ១៩៦២ រវាងប្រទេសទាំងពីរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)