កិច្ចព្រមព្រៀង EVFTA ជាការចាប់ផ្តើមថ្មីនៅក្នុង ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប

AKP ភ្នំពេញ  ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ — លោក Nicolas Audier ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបាននិយាយថា សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានសាទរចំពោះដំណោះស្រាយរបស់រដ្ឋសភាដែលបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគអឺរ៉ុប – វៀតណាម (EVIPA) ។

លោកជឿជាក់ថា ការផ្តល់សច្ចាប័ននេះ គឺជាការចាប់ផ្តើមថ្មីមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប និងលើកមុខមាត់របស់ប្រទេសវៀតណាមដែលក្លាយជាប្រទេសទី២ នៅអាស៊ាន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។

លោកបានសង្កត់ធ្ងន់ថា កតិកាសញ្ញានេះនឹងធ្វើឱ្យមានយុគសម័យថ្មីនៃពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនរវាងភាគីទាំងពីរ នឹងចាប់ផ្តើមដំណើរការដកហូតពន្ធគយ និងរបាំងពាណិជ្ជកម្មជិត ៩៩ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

លោកបាននិយាយបន្ថែមថា វាក៏នឹងបើកទីផ្សារថ្មីសម្រាប់ការវិនិយោគ និងការច្នៃប្រឌិតរបស់អឺរ៉ុប នឹងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសវៀតណាមផងដែរ។

លោកបាននិយាយថា ប្រទេសវៀតណាមនឹងមានសិទ្ធិពេញលេញក្នុងការទទួលបានអតិថិជនចំនួន ៥០០លាននាក់នៅក្នុងទីផ្សារអឺរ៉ុប ខណៈដែលក្រុមហ៊ុនអឺរ៉ុបអាចធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសមួយនៅអាស៊ីដែលមានសុវត្ថិភាពដូចជាប្រទេសវៀតណាម។

EuroCham គឺជាអ្នកគាំទ្រខ្លាំងបំផុតរបស់ EVFTA ចាប់តាំងពីការចរចាបានចាប់ផ្តើម ហើយកិច្ចព្រមព្រៀងនេះត្រូវបានគេសង្ឃឹមថា នឹងនាំមកនូវផលប្រយោជន៍មិនត្រឹមតែដល់អាជីវកម្មអឺរ៉ុប និងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពលរដ្ឋនៃភាគីទាំងពីរផងដែរ។

លោកបញ្ជាក់ថា សភាពាណិជ្ជកម្ម និងអនុគណៈកម្មាធិការឧស្សាហកម្មចំនួន ១៧ របស់ខ្លួន ដែលតំណាងឱ្យសហគ្រាសជាសមាជិកជាង ១.០០០ បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ដើម្បីធានាថា គ្រប់គ្នាអាចទាញយកប្រយោជន៍ពេញលេញពីសក្តានុពលនៃ EVFTA នាពេលបច្ចុប្បន្ន និងពេលអនាគត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)