កិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០​ — រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Phil Hogan បានឈានដល់ការឯកភាពគ្នាក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែមិថុនា អំពីពេលវេលាដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម (EVFTA) ចូលជាធរមាន។

កិច្ចចរចានេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋសភាជាតិវៀតណាម (NA) បានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា។

យោងតាមនីតិវិធីផ្ទៃក្នុងរបស់សហភាពអឺរ៉ុប កិច្ចព្រមព្រៀង EVFTA ត្រូវការការផ្តល់សច្ចាប័នរបស់សភាអឺរ៉ុប ហើយបន្ទាប់មកការអនុម័តរបស់ក្រុមប្រឹក្សាអឺរ៉ុបដើម្បីចូលជាធរមាន។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំនេះ សភាអឺរ៉ុបបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះ ដោយទទួលបានសំឡេងគាំទ្រ៦៣,៣៥ភាគរយ។ ក្រុមប្រឹក្សាអឺរ៉ុបក៏បានអនុម័តទៅលើកតិកាសញ្ញាពាណិជ្ជកម្មនេះកាលពីថ្ងៃទី៣០ ខែមីនា នឹងបានផ្ញើឯកសារទៅប្រទេសវៀតណាមនៅថ្ងៃទី២៤ ខែមេសា ដើម្បីជូនដំណឹងអំពីការបញ្ចប់របស់សហភាពអឺរ៉ុបនូវនីតិវិធីច្បាប់ចុងក្រោយរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀង EVFTA បានឆ្លងកាត់រដ្ឋសភាវៀតណាមនៅថ្ងៃទី៨ ខែមិថុនាដោយមានការគាំទ្រពីសមាជិកសភាទាំងអស់ដែលមានវត្តមាននៅឯកិច្ចប្រជុំពេញអង្គនោះ។

យោងតាមមាត្រា ១៧.១៦ នៃកិច្ចព្រមព្រៀងនេះបានឱ្យដឹងថា EVFTA នឹងចូលជាធរមាននៅថ្ងៃទី១ នៃខែទី២ បន្ទាប់ពីពេលដែលភាគីទាំងពីរជូនដំណឹងគ្នាអំពីការបញ្ចប់នីតិវិធីច្បាប់ ដែលត្រូវគ្នាសម្រាប់ការ អនុវត្ត ឬកាលបរិច្ឆេទមួយផ្សេងទៀតដែលបានព្រមព្រៀងដោយភាគីទាំងពីរ។

យោងតាមច្បាប់ស្តីពី សន្ធិសញ្ញាអន្តរជាតិ ឆ្នាំ ២០១៦ របស់ប្រទេសវៀតណាមបានឱ្យដឹងថា បន្ទាប់ពីរដ្ឋសភាបានចេញសេចក្តីសម្រេចមួយដែលបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង EVFTA (ជាធម្មតាមួយសប្តាហ៍) ក្រសួងការបរទេសនឹងប្រកាសអំពីការបញ្ចប់នីតិវិធីច្បាប់ក្នុងស្រុករបស់ប្រទេសទៅកាន់សហភាពអឺរ៉ុប។

នៅពេលដែលសហភាពអឺរ៉ុបបានជូនដំណឹងទៅវៀតណាមរួចហើយនៅក្នុងខែមេសា ការប្រកាសនាពេលខាងមុខរបស់វៀតណាមក៏នឹងកំណត់កាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀង EVFTA ចូលជាធរមានសម្រាប់ភាគីទាំងពីរផងដែរ គឺនៅថ្ងៃទី១ ខែសីហា តាមការរំពឹងទុក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)