ឯកឧត្តម ស៊ុន ចាន់ថុល ណែនាំដល់មន្ត្រីសាធារណៈ ផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ លឿន មានប្រសិទ្ធភាព និងតម្លាភាព

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០៖

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកទឹកចិត្តដល់មន្ត្រីសាធារណៈក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ លឿន មានប្រសិទ្ធភាព និងតម្លាភាព ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ ។
ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្ត ខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី បង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នារក្សាថែរក្សាអនាម័យដោយលាងដៃនឹងសាប៊ូ លាងជាមួយទឹកអាល់កុលឲ្យបានញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម លើកឡើងពីតួនាទីយ៉ាងសំខាន់របស់ខេត្តមណ្ឌលគិរី គឺបានចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការមេ និងគោលនយោបាយកាត់បន្ថយ តម្លៃដឹកជញ្ជូនឱ្យបានសមស្រប។
ឯកឧត្ដម ក៏បានលើកឡើងពីគម្រោងសាងសង់ ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ក្រសួង ជាពិសេសការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដែលបានរួមចំណែកដល់ការសម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕