ប្រមុខការពារជាតិ បន្ដក្រើនរំលឹកដល់កងទ័ព និងប្រជាពលរដ្ឋខ្មែរទាំងអស់ ពីការការពារពីជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៩ ០៦ ២០២០ ៖

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក្រើនរំលឹកដល់កងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្ដការការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីកម្ពុជាមានអ្នកឆ្លងតិចតួចយ៉ាងណាក៏ដោយ។
សម្តេពិជ័យសេនា ទៀ បាញ់ ក៏បានបន្តអំពាវនាវដល់បងប្អូនកងទ័ព និងបងប្អូនប្រជាពលរដ្ឋខ្មែរ សូមប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ។ បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍វិធានការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ ត្រូវពាក់ម៉ាសពេលចេញក្រៅផ្ទះ ត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុលជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្តុំគ្នាច្រើន។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា « សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួនឱ្យបានល្អ ពីការចម្លងមេរោគកូវីដ១៩ ដោយហេតុថា យើងនៅតែបន្តរកឃើញករណីចម្លងថ្មី បើទោះជា វាមានចំនួនតិចតួចក្តី។ សូមបងប្អូន ជៀសវាងការជួបជុំដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ»។