កីឡាករ-កីឡាការិនីលើកទម្ងន់កម្ពុជា៥នាក់ នឹងទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ត្រៀមចូលរួមកីឡាអូឡាំពិករដូវរងារ២០២២នៅចិន នៅខែវិច្ឆិកាចុងឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមបញ្ជូនឲ្យទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក៏ដូចជាត្រៀមសម្រាប់ចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់ប្រទេសកូរ៉េខាងត្បូង ចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមត្រៀមបញ្ជូនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអគ្គលេខាធិការបានបន្ថែមថា ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េខាងត្បូង ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនី សេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាម កីឡាករ ទឺ ម៉ាច ក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករ ឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។
លោកបានបន្តថា ចំពោះកម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃពីគ្រូបង្វឹក ត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនបានជាស្រេច និងចំគោលដៅការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីចុងសប្តាហ៍កន្លងទៅ រវាងកីឡាករ-កីឡាការិនីកីឡាលើទម្ងន់កម្ពុជាជាមួយសារព័ត៌មានអន្តរជាតជាតិ និង PyeongChang2018 Lega cy Foundation Mr Heidi Baek ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហ្វឹកហាត់នៅប្រទេសកូរ៉េ ដើម្បីត្រៀមបញ្ជូនទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និង SEA GAMES លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា៕