រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តជំរុញដល់ថ្នាក់ដឹកនាំមន្រ្តីពាក់ពន្ធ័ទាំងអស់ បន្តការងារខ្លួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប ASEM

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៨ មិថុនា ២០២០៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តជំរុញដល់ថ្នាក់ដឹកនាំមន្រ្តីពាក់ពន្ធ័ទាំងអស់ បន្តការងារខ្លួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ខាងមុខនេះ។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ ត្រូវបន្ត តាមដានកិច្ចការងារ នៃការ ត្រៀមរៀបចំកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ខាងមុខនេះ ថាតើត្រូវលើកពេល ឬនៅបន្តធ្វើដដែល តាមការគ្រោងទុក? តែទោះបីជាកិច្ចប្រជុំនោះ មិនទាន់សម្រេចថាត្រូវលើកពេល ដោយសារបញ្ហាជំងឺ កូវីដ១៩ ទៅធ្វើនៅក្នុងខែណាក៏ដោយ តែសម្រាប់ក្រុម ការងារ ក្រសួងព័ត៌មាន ត្រូវត្រៀម មនុស្សអោយបានគ្រប់គ្រាន់ ដើម្បីបំពេញរាល់កិច្ចការងារ អោយបានល្អ និង ជោគជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានរំលឹកពីការងារមួយចំនួនពាក់ផ្នែករដ្ឋបាល គឺការបញ្ជូនលិខិត បទដ្ឋាននានាទៅថ្នាក់ដឹកនាំ ដោយមិនត្រូវយកទៅធ្វើការផ្សាយជាសាធារណៈ ឬក៏ផ្តល់ជាមុន ដល់សារព័ត៌មានចុះផ្សាយនោះទេ ដែលខុសពីគោលការណ៍ការងាររដ្ឋបាល ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញអោយ ទូរទស្សន៍ជាតិកម្ពុជា ត្រូវមានការបង្កើតជាវគ្គ បណ្តុះបណ្តាលជំនាញយកព័ត៌មាន តាមរយៈទូរសព្ទ័ស្មាតហ្វូន ដែលមានភាពងាយស្រួល ក្នុងការបញ្ជូនព័ត៌មានមកផ្សាយបានឆាប់រហ័សនិងមានគុណភាពល្អថែមទៀតផង។ ជាមួយនេះ ក៏ត្រូវប្រើមធ្យោបាយសរុប កំលាំងសរុប ដើម្បីបំពេញការងារទូរទស្សន៍នេះ អោយបានកាន់តែល្អ ព្រោះជាជំហ៊ានបន្ទាប់ទៅទៀតនោះ គឺទូរទស្សន៍ជាតិកម្ពុជាធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយ ពីអាណាឡូក ទៅជាឌីជីថល ដែលទាមទារអោយមានធនធានមនុស្សដែលមានសមត្ថភាពច្បាស់លាស់ក្នុងការបំពេញកិច្ចការងារលើគ្រប់ផ្នែកគ្រប់ជំនាញ ពិសេសខាងផ្នែក បច្ចេកទេស ក្នុងការប្រើបា្រស់ម៉ាស៊ីន ដែលមានលក្ខណៈថ្មីទំនើបៗ ។
ឯកឧត្តម បញ្ជាក់ថា ជាការគ្រោងទុកក្រៅពីការបង្កើតអោយមាន ទូរទស្សន៍ ឌីជីថល ក៏គ្រោងបង្កើតអោយមានជាវិទ្យុ ឌីជីថល បន្ថែមទៀតផងដែរ។ ដូច្នេះអ្វី ដែលសំខាន់ គឺការរួមសហការ សាមគ្គីគ្នា មានវិន័យ ក្នុងការងារ ហើយត្រូវចាំថាការងារ ព័ត៌មាន មិនអាចធ្វើម្នាក់ឯង ជាតួឯកនោះទេ គឺត្រូវរួមគ្នាធ្វើទើបសម្រេចបានលទ្ធផលល្អ៕