ប្រជាកសិករកំពុង មមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៨ មិថុនា ២០២០៖

ប្រជាកសិករកំពុង មមាញឹកប្រមូលផលអំបិល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះ ដើម្បីបំពេញតម្រូវទីផ្សារ។
លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ នៅក្នុងខេត្តកំពត មានការកើនឡើងជាងឆ្នាំទៅ ដោយសារតែមានពលកម្មគ្រប់គ្រាន់ ព្រមទាំងអាកាសធាតុក៍អំណោយផលល្អ។ លោក បន្តថា បច្ចុប្បន្ន ប្រជាកសិករកំពុងតែមមាញឹកប្រមូលផល ខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះហើយ។ ក្នុងនោះដែរ ការផលិតអំបិល អាចទទួលបានផលប្រហែល៨ម៉ឺនតោន លើផ្ទៃដីជាង៤០០០ហិចតា ដែលមានក្រុមផលិតអំបិលចំនួន២០០ក្រុមសាមគ្គី។
លោកបានបញ្ជាក់ថា ឆ្នាំនេះការផលិតអំបិលរបស់ប្រជាកសិករទទួលបានផលល្អ ដូច្នេះគឺអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។
សំលេង៖ «សព្វថ្ងៃនេះពួកគាត់កំពុងផលិតផលិតមិនទាន់ចប់ ព្រោះមេឃអំណោយផលល្អយើងនៅផលិតបាន ពួកគាត់កំពុងធ្វើសកម្មភាពផលិត រហូតដល់ខែ៦ហើយ មេឃអត់ទាន់មានភ្លៀងធំ មានតិចតួច អញ្ចឹងយើងអាចផលិតបាន ហើយនៅតែបន្តផលិតរហូតដល់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥ម៉ឺនតោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។
សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដែលចែកចេញជា ៧ មណ្ឌលគឺ មណ្ឌលបឹងទូក មណ្ឌលត្រើយកោះ មណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ មណ្ឌលសេះស មណ្ឌលកែប និងមណ្ឌលកំពង់ត្រាច ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ផ្ដើមចេញពីឃុំបឹងទូក ស្រុកទឹកឈូ ទៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម៕