នៅសល់តែ២២ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យលើការហួសសុពលភាពឆៀក

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៦ ២០២០

MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭក ដល់សាធារណជនថា នៅសល់ ២២ ថ្ងៃទៀត ការអនុវត្តពិន័យលើសេវាសាធារណ:ដឹកជញ្ជូន ក្នុងនោះមានដូចជាត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្ត ឬហៅថា «ឆៀក» នឹងចាប់អនុវត្តជាកំហិតហើយ។

សេចក្តីជូនេំណឹងនៅថ្ងៃទី៨ ខែមិថុនានេះ បានបញ្ជាក់ថា ការពិន័យលើសេវាសាធារណ:ដឹកជញ្ជូនដែលហួសសុពលភាពគិតចាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មានដូចជា៖
លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន, ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូល បណ្តោះអាសន្ន) ឡើងវិញ, ការត្រួតពិនិត្យលក្ខណ: បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត, បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត។
សូមបញ្ជាក់ថា អ្នកហួសសុពលភាពឆៀក ចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខតទៅ នឹងត្រូវផាកពិន័យ២.០០០រៀល ក្នុង១ថ្ងៃ ដោយមិនគិតពីការផាកពិន័យរបស់សមត្ថកិច្ចចំពោះបទល្មើសមួយនេះចំពោះរថយន្តធុនស្រាលចំនួន១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន៣៧ម៉ឺន៥ពាន់រៀលនោះឡើយ។
យោងតាមតារាងតម្លៃឆៀកយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តម្លៃត្រូវបានកំណត់តាមប្រភេទយានយន្ត ដែលក្នុងនោះ ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោរ៉ឺម៉ក តម្លៃ ៧០០០រៀល។ រីឯ រថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ឬរថយន្តធុន ស្រាល ដែលធ្វើស្លាកលេខថ្មី តម្លៃ ៣៦០០០រៀល។ រថយន្តទេសចរណ៍គ្រួសារ ៤កៅអី ថ្លៃ ៤២០០០រៀលរហូតដល់រថយន្តដឹកទំនិញ ផ្ទុកលើស ពី ១០តោន ថ្លៃ៦៦០០០ រៀល៕