សមាគមទេសចរណ៍កម្ពុជា អំពាវនាវឲ្យភ្ញៀវទេសចរក្នុងស្រុកងាកមកប្រើប្រាស់សេវាកម្មដែលផ្តល់ជូនដោយម្ចាស់អាជីវកម្មនៅតាមតំបន់រមណីយដ្ឋាន

វិទ្យុជាតិកម្ពុជា៖ ស្រីផល 08,06,2020៖

សមាគមទេសចរណ៍កម្ពុជា អំពាវនាវឲ្យភ្ញៀវទេសចរក្នុងស្រុក ងាកមកប្រើប្រាស់សេវាកម្មដែលផ្តល់ជូនដោយម្ចាស់អាជីវកម្មនៅតាមតំបន់រមណីយដ្ឋាន ដើម្បីឲ្យពួកគាត់ទទួលបានការងារធ្វើ និងចំណូលសំរាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរក្នុងស្រុកហាក់មានកំណើនឡើងវិញ ប៉ុន្តែភាគច្រើនពួកគាត់ មិនបានប្រើសេវាកម្មនៅតាមរមណីយដ្ឋានដែលពួគាត់ទៅកំសាន្តនោះទេ ដូចជា ការស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារជាដើម ដោយពួកគាត់វេចខ្ចប់មកពីផ្ទះ។ លោកស្រី បន្តថា ការមិនប្រើប្រាស់សេវាកម្មទាំងអស់ហ្នឹង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅតាមរមណីយដ្ឋានទាំងអស់គ្មានការងារធ្វើ និងបាត់បង់ចំណូលសំរាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។ ។
លោកស្រី បានបញ្ជាក់ទៀតថា វិស័យទេសចរណ៍កម្ពុជា អាចស្រោចស្រង់បានខ្លះៗ ប្រសិនបើអ្នកទេសចរក្នុងស្រុក ងាកមកប្រើសេវាកម្ម ទាំងអស់នេះវិញ ។
សម្លេង៖ មានឃើញមន្ទីរទេសចរនៅតាមគ្រប់ខេត្តក្រុង គាត់ព្យាយាមរៀបចំនូវសណ្តាប់ធ្នាប់ រៀបចំនូវកន្លែងដែលចូលទៅក្នុងតំបន់ទេសចរណ៍ តំបន់ទាក់ទាញនោះ រៀបចំនូវសេវាកម្មសណ្តាប់ធ្នាប់ រៀបចំនូវសេវាកម្មខ្លះ ក្នុងការទាក់ទាញនៅតាមខេត្តនីមួយៗ គាត់ព្យាយាមទាក់ទាញនៅក្នុងស្រុកក្តីអ្នកក្រៅស្រុកក្តី ដើម្បីឲ្យចូលទទួលនូវសេវាកម្មទាំងអស់ហ្នឹង ដោយឡែកឃើញថាប្រជាពលរដ្ឋយើងនៅមិនទាន់ចង់ទទួលសេវាកម្មទេ គាត់នៅតែព្យាយាមវេចខ្ចប់ទៅអញ្ចឹង ចឹងជាហេតុមួយដែលមើលទៅដំណើរដែលពួកគាត់ដើរហ្នឹង នៅតែមិនទាន់អាចធ្វើអោយមានចលនា នៃសេដ្ឋកិច្ចនៅឡើយទេ ព្រោះអ្វីដែលចង់ជំរុញហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋគាត់បានប្រើប្រាស់នូវសេវាកម្មនៅនិងកន្លែង ទៅបានយើងធ្វើឲ្យអ្នកនៅនឹងកន្លែងហ្នឹង គាត់មានការងារធ្វើ គាត់ទទួលបានអត្ថប្រយោជន៍ពីភាពអ៊ូអរអស់ហ្នឹង អញ្ចឹងបើគាត់មិនព្រមប្រើប្រាស់ គ្នាដែររង់ចាំបំរើសេវានឹង គ្នានៅតែអត់បានទទួលដដែល។
ជាមួយគ្នានោះដែរ ខាងមន្ទីរគ្រប់ខេត្តទាំងអស់ ក៍បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមមានសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាននានា ប្រកបដោយអនាម័យនិងគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត ទទួលសេវាកម្មទាំងអស់នេះប្រកបដោយទំនុកចិត្ត។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរក្នុងស្រុកដែលមកកំសាន្ត នៅតាមគោលដៅទេសចរណ៍នានា មានចំនួនកើនឡើងពី១៥ទៅ២០% ។