អាជ្ញាធរខេត្ដតាកែវ បង្កើនការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកជាតិគីមីពីប្រទេសជិតខាង

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

អាជ្ញាធរខេត្ដតាកែវ បង្កើនការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកជាតិគីមីពីប្រទេសជិតខាង ដើម្បីការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានណែនាំដល់អាជ្ញាធរដែលមានដែនសមត្ថកិច្ចជាប់ច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យលើគុណភាព ផ្លែឈើដែលបានអនុញ្ញាត្ដិឱ្យចូល ជាពិសេសរិតបន្ដឹងការនាំចូលខុសច្បាប់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិពុល និងទំនិញខូចគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនានេះ លោកអភិបាលរងខេត្តតាកែវ បានបញ្ជាក់ថា ការបង្កើន ទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើដែលមានផ្ទុកជាតិគីមីពីប្រទេសជិតខាងនេះ ដើម្បីសំដៅការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ដែលទិញបន្លែផ្លែឈើទាំងនេះយកទៅបរិភោគ ។
ជាមួយគ្នានេះ លោក ខាន់សុខា ក៍ បានជំរុញដល់អាជ្ញាធស្រុកនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាខេត្ដ ត្រូវធ្វើយ៉ាងណាចុះណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការដាំដំណាំបន្លែបង្កាផ្សេងៗ ដែលគ្មានជាតិគីមីសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារស្រុក ដើម្បីកាត់បន្ថយការនាំបន្លែផ្លែឈើមកពីបរទេស។
លោក ប៉ោ លាងគង់ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់និងបង្រ្កាបការក្លែងបន្លំ«កាំកុងត្រូល» ខេត្តតាកែវ បានឱ្យដឹងថា មន្រ្តីកាំកុងត្រូល នឹងបង្កើនការចុះត្រួតពិនិត្យបន្លែផ្លែឈើដែលនាំចូលពីប្រទេសជិតខាងតាមច្រកទ្វាព្រំដែនឱ្យបានខ្លាំងក្លាបន្ថែមទៀត បន្ទាប់ពីមានការជំរុញបន្ថែមពីថ្នាក់នាំខេត្ដលើការត្រួតពិនិត្យបន្លែផ្លែឈើនេះ។
លោកបន្ដថា នាពេលកន្លងមកមន្រ្តីកាំកុងត្រូលបានធ្វើការពិនិត្យ និងបង្ក្រាបបានបន្លែ ផ្លែឈើមួយចំនួនដូចជា ខ្ទឹមស ម្ទេស ផ្ពៃក្ដោប កាឆាយជាដើម ដែលមានសារធាតុគីមី ឬកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃខេត្ដតាកែវ បាននាំចូលបន្លែផ្លែឈើពីប្រទេសវៀតណាមមានចំនួនប្រមាណ២០តោន៕